ព័ត៌មានជាតិ

Update៖ បុគ្គលិកក្រុមហ៊ុនស្រាបៀរ បើកម៉ូតូបុកធុងសាំងដាក់រនាំងការពារ ធ្លាក់ចូលទឹកប្រឡាយស្លាប់

ភ្នំពេញ: នៅថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ត្រង់ចំណុចលើផ្លូវចាក់ថ្មី ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យបុគ្គលិកក្រុមហ៊ុនស្រាបៀរម្នាក់ ស្លាប់នៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ផ្លាកលេខកណ្ដាល 1AB 8455 បើកបរដោយឈ្មោះ ចាប សុខផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបកម្មកររោងចក្រស្រាបៀរ មានស្រុកកំណើតនៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់) នៅកន្លែងកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនពុំស្គាល់ភូមិសាស្រ្ដ ក៏បុកធុងសាំដាក់រនាំងការពារ រួចធ្លាក់ចូលក្នុងប្រឡាយ កាយទទឹងផ្លូវលិចក្នុងទឹកស្លាប់តែម្ដង ។

មូលហេតុ៖ មកពីម៉ូតូបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ។ ចំណែកសម្ភារ:ខូចខាតស្រាល ។
វត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការរដ្ឋានគបាលខណ្ឌដង្កោ ។
រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់