ព័ត៌មានជាតិ

រថយន្តព្រូស ផ្លាកលេខភ្នំពេញ 2BD-6312 បោះពួយយ៉ាងលឿន ជល់បង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរួញក្បាលខ្ទេច ម្ចាស់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ករណីបើករថយន្តព្រូសបុកបង្កាន់ដៃស្ពាន នៅចំណុចស្ពានអាកាសផ្សារដីហុយ លើផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើកបរជាបុរស ត្រូវបានរងរបួស និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តព្រូស បោះពួយយ៉ាងលឿន បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឱ្យរថយន្តរួញក្បាលខ្ទេចផងដែរ ។ រថយន្តបង្កហេតុម៉ាកព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-6312 ។

បន្ទាប់ពីកើតហេតុ មន្ត្រីជំនាញចរាចរណ៍ បានចុះវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់មកដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់