បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងមនុស្ស២នាក់ទៀត បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាល ខណៈកំពុងបើកបរម៉ូតូឌុបគ្នា ហើយត្រូវរថយន្ត១គ្រឿងរេចង្កូតមកបុក ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទី ស្ថិតនៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍អោយដឹងថា មានរថយន្តម៉ាកកាម៉ារី ស៊េរីឆ្នាំ១៩៩៤ ស្លាកលេខ បាត់ដំបង 2A-0170 បើកបរដោយឈ្មោះ ស៊ួ ប៊ុនរត្ន័ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបុក ម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1P-3956 បើកបរដោយ ឈ្មោះ ទិន ញួង ភេទប្រុស អាយុ២៧ឆ្នាំ (រងរបួសធ្ងន់) រួមនឹងអ្នករួមដំណើរចំនួន២នាក់ទៀត ១.ឈ្មោះ អាន ចាន់រ៉ា ភេទស្រី អាយុ១៤ឆ្នាំ (រងរបួសធ្ងន់) និង២.ឈ្មោះ នុច យិន ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាឪពុក (របួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន) អ្នកទាំងបីរស់នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែង ទើបបញ្ជាក់អោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឹបណ្តាលមកពីអ្នកបើកបរថយន្តបើកមិនប្រកាន់ស្តាំ រេចង្កូតមកឆ្វេងដៃមកបុកនិងម៉ូតូតែម្តង ។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងរង់ចាំចំណាត់ការតាមផ្លូវច្បាប់ ចំណែកឯម៉ូតូនិងរថយន្តបាននាំយកមករក្សានៅអធិការដ្ឋាននគរស្រុកសំពៅលូន។ រីឯ សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕
មតិយោបល់