ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញ ទឹកក្រូច ស្រាបៀរ ទឹកដោះគោ មីកំប៉ុង ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

បន្ទាយមានជ័យ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលម្ហូបអាហារ នៅតាមបណ្តាម៉ាត និងផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ៤៨.២៩គីឡូក្រាម រួមមាន៖
– ទឹកក្រូចដបធំ ចំនួន ៣៤ដប ស្មើនឹង ៤២.៥០លីត្រ
– ស្រាបៀរ ចំនួន ៧ដប ស្មើនឹង ៤.២៧លីត្រ
– ទឹកដោះគោជូ ចំនួន ៤ប្រអប់ ស្មើនឹង ០.២៤លីត្រ
– មីកំប៉ុង ចំនួន ១៣កំប៉ុង ស្មើនឹង ០.៧៨គីឡូក្រាម
– កម្ទេចមី ចំនួន ៨០កញ្ចប់តូច ស្មើនឹង ០.៥០គីឡូក្រាម។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់