ព័ត៌មានជាតិ

រថយន្ត១គ្រឿងបើកភ្លើងស៊ីញ៉ូបត់ ស្រាប់តែក្រឡាប់ផ្ងារជើង បណ្តាលឲ្យតៃកុងរងរបួស

ភ្នំពេញ: នៅវេលាម៉ោង០៩និង១៦នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្ត១គ្រឿងខណ:បើកភ្លើងស៊ីញ៉ូបត់ ត្រូវរថយន្ត១គ្រឿងទៀតបើកបុកគូទ បណ្តាលក្រឡាប់ផ្ងារជើង រងរបួសតៃកុង នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តកូរេ ១គ្រឿង ខណ:កំពុងបើកបរសុខៗ នៅតាមដងផ្លូវ៦០ម៉ែត្រ លុះបើកបរមកដល់ចំណុចកើតហេតុ បានបើកភ្លើងស៊ីញ៉ូបត់ ស្រាប់តែមានរថយន្ត១គ្រឿងទៀត បើកមកពីក្រោយ បុកគូទឲ្យក្រឡាប់ផ្ងារជើង បណ្តាលឲ្យតៃកុងរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនៅក្នុងមូលដ្ឋាន ចុះទៅពិនិត្យ ។ បន្ទាប់ពីពិនិត្យរួច ឃើញថារថយន្តនេះ ពុំមានបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ និងសម្បត្តិសាធារណ: ក៏ហៅរថយន្តស្ទូចយកចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍ ។

ករណីនេះ សមត្ថកិច្ចឲ្យភាគីទាំងសងខាង ធ្វើការចរចាដោះស្រាយគ្នា នៅកន្លែងកើតហេតុ ។ បើដោះស្រាយពុំត្រូវគ្នានោះទេ សមត្ថកិច្ច នឹងនាំភាគីខាងលើ យកទៅកាន់ប៉ុស្តិ៍ ដើម្បីដោះតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់