ភ្នំពេញៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៥០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតឲ្យបង្ក្រាបជាក់ស្តែងលេខ ០២៨ អ.យ.ឋ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ របស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងជនរងគ្រោះចំនួន០៧នាក់ ស្រី (អនីតិជន ០៥នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា ៖
១. នៅចំណុចភោជនីយដ្ឋាន តាឪ ផ្លូវជាតិលេខ៧ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ឆយ ចន្ថា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន០៣នាក់ ស្រី (អនីតិជន០២នាក់) ។
២. នៅចំណុចផ្ទះសំណាក់ ហេង មហាសាល ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ជនរងគ្រោះ ចំនួន០៤នាក់ ស្រី (អនីតិជន០៣នាក់) ។ នាំមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន ០៧នាក់ (អនីតិជន ០៥នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕
មតិយោបល់