-

បុរសម្នាក់ជិះម៉ូតូបុកឆ្កែដួលបោកក្បាល បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង១ និង៥០
នាទីរសៀល កម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុដឹកនាំដោយលោកវរះសេនីយ៍ទោ ជា អារុណ អធិការរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាកានបានសហការជាមួយកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងក្រុមគ្រូពេទ្យកោសល្យវិច័យខេត្ត បានចុះទៅពិនិត្យសពឈ្មោះ ហេង ប៊ុននី ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅចំណុចផ្ទះឈ្មោះ គាម ហូរ ត្រូវជាឪពុកក្មេកនៃសពស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះជិះម៉ូតូបុកឆ្កែ បណ្ដាលឲ្យស្លាប់កាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦ និង៥១នាទីល្ងាច នៅលើផ្លូវក្រាលកៅស៊ូពីរំលេច ទៅបឹងខ្នារត្រង់ចំណុចខាងជើងអាត់ជួងចម្ងាយ៥៤០ម៉ែត្រ ស្ថិតនៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះខាងលើបានជិះម៉ូតូ១គ្រឿងម៉ាក ដ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-4235 ជិះពីត្បូងទៅជើងតែម្នាក់ឯង ជិះយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកឆ្កែបណ្តាលឲ្យដួលអូសទៅខាងលិចផ្លូវចម្ងាយ ៣០ម៉ែត្រ បោកក្បាលបណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកបាកាន ។

លោកវរ:សេនីយ៍ទោ ជា អារុណ អធិការរងផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញផ្នែកពិនិត្យវិភាគ និងក្រុមគ្រូពេទ្យផ្នែកកោសល្យវិច័យ បានចុះទៅពិនិត្យសពជនរងគ្រោះខាងលើ រួចហើយបានសន្និដ្ឋានថា សពឈ្មោះ ហេង ប៊ុននី បានស្លាប់ដោយសារគ្រោះថ្នាក់ដួលប៉ះទង្គិចក្បាល។
សាកសពត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់