ព័ត៌មានជាតិ

ឆ្លងចរន្តក្លាយជាអគ្គិភ័យឆេះផ្ទះក្នុងបុរីអចលនទ្រព្យអង្គរនៅស្រុកប្រាសាទបាគងសរុបប្រហែល១២០០០ដុល្លារ

សៀមរាបៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះមួយល្វែងដែលម្ចាស់ផ្ទះចាក់សោរទុកចោលនៅក្នុងបុរីអចលនទ្រព្យអង្គរ ត្រូវបានអគ្គិភ័យឆាបឆេះអស់មួយចំនួនពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ដោយមិនរាលដល់ផ្ទះល្វែងដទៃទៀតនោះទេ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានរលត់ទៅវិញនៅម៉ោង១២និង៣៩នាទីថ្ងៃដដែល។
លោកវរសេនីយ៍ឯកលឹមសម្បត្តិអធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាមានករណីភ្លើងឆេះបុរីអចលនទ្រព្យអង្គរលេខ៦០ម្ចាស់ឈ្មោះនូវសុផលអាយុ៣៥នៅចំណុចភូមិគោកត្នោតឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបនៅតាមបណ្តោយផ្លូវជាតិលេខ៦ចម្ងាយពីអធិការដ្ឋាននគរបាលស្រុកប្រមាណ១១គីឡូម៉េត្រ។
លោកបន្តថាការខូចខាតរួមមានផ្ទះខ្នងទំហំ៤×២១ម៉ែត្រកំពស់៥មេត្រប្រក់ស័ង្កសីជញ្ជាំងថ្មឆេះអស់សម្ភារៈនៅក្នុងផ្ទះទាំងស្រុងសរុបជាទឹកប្រាក់ប្រហែលជា១២០០០ដុល្លារ។
លោកបន្តថាករណីឆេះនេះមិនបណ្ដាលឲ្យឆ្លងទៅអគារដែលសង់ជាប់គ្នាទៀតទេប្រជាពលរដ្ឋនិងក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងទាន់ពេល។ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុកប្រាសាទបាគងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តនិងរថយន្តរបស់អាជ្ញាធរអប្សរាបានចេញជួយអន្តរាគន៍។
ក្នុងនោះមានកម្លាំងប៉ុស្ដិ៍និងប្រជាការពារនិងប្រជាពលរដ្ឋជួយអន្តរាគន៍ជាច្រើនផងដែល។
លោកវរសេនីយ៍ឯកលឹមសម្បត្តិបញ្ជាក់ថាករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើងទូរទស្សន៍ចាប់ជញ្ជាំងបង្កជាអគ្គិភ័យឆាបឆេះតែម្ដងខណៈម្ចាស់ផ្ទះចាក់សោរទុកចោល។
សមត្ថកិច្ចបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គីភ័យផងព្រោះរដូវធ្លាក់ខ្យល់និងរដូវក្តៅបានមកដល់ចឹងហើយវាងាយនឹងឆាបឆេះណាស់៕

 

មតិយោបល់