ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ផ្ទះជួលមួយកន្លែងមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយ បណ្ដាលឱ្យរងរបួសធ្ងន់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដោយមិនទាន់ស្គាល់ឈ្មោះ មានអាយុប្រហែល៣០ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ មឿន ម៉េន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្អូនថ្លៃជនរងគ្រោះឈ្មោះ ទិត្យ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅជាមួយគ្នា។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅជិតមាត់ទ្វារបន្ទប់ ដោយគាត់មានគ្នា៣នាក់ កំពុងអង្គុយលេងទូរសព្ទនៅក្នុងបន្ទប់ជួលផ្ទាល់ដី ហើយបានលឺសំឡេងនៅលើបន្ទប់គាត់ នៅពេលនោះប្អូនថ្លៃប្រុសគាត់បានចេញទៅមើល នៅខាងក្រៅស្រាប់តែឃើញ ជនសង្ស័យកំពុងលើករយ៉ែម៉ូតូចេញ ហើយជនសង្ស័យបាននិយាយថា អាអូនថយទិចបងយកម៉ូតូចេញ ដើម្បីទៅឌុបស្រីស្នេហ៍ដើរលេងសិន ។ ចំណែកប្អូនថ្លៃជនរងដោយស្គាល់ម៉ូតូបងថ្លៃ បានស្រែកប្រាប់បងថាចោរលួចម៉ូតូបងហើយ នៅពេលនោះដែរជនរងគ្រោះនឹងប្អូនថ្លៃ បាននាំគ្នាស្រែកថាចោរៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាបិទទ្វារ វាយជនសង្ស័យ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ខណៈពេលភ្លាមៗនោះម្ចាស់ផ្ទះជួលបានតេប្តឹងសមត្ថកិច្ច អោយមកជួយអន្តរាគមន៍ភ្លាមៗផងដែរ តែដោយឃើញជនសង្ស័យរងរបួសធ្ងន់ពេក បានអោយមន្ទីរពេទ្យឯកជនមកសង្គ្រោះបឋមភ្លាមៗផងដែរ រួចបញ្ជូនជនសង្ស័យយកទៅព្យាបាលបន្តទៀត។
ក្រោយពេលកើតហេតុ បន្ទាប់ពីបញ្ជូនជនសង្ស័យយកទៅសង្គ្រោះ ដោយមានសមត្ថកិច្ចទៅជាមួយនោះ ដោយអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នឹងដើម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី៕







មតិយោបល់