ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក កី ម៉ាណេរ៉ា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បានបើកសវនាការ កាត់ទោស បុរសវ័យ ៧០ឆ្នាំម្នាក់ ជាមន្ត្រីក្រសួងគមនាគមន៍ ផ្នែករោងជាង ចូលនិវត្តន៍ ពាក់ព័ន្ធបទល្មើសក្លែងស្លាកសម្គាល់យានយន្ត។
ជនជាប់ចោទឈ្មោះ សួន សាវ៉ុន បានរៀបរាប់ក្នុងសវនាការថា ខ្លួនពិតជាបានធ្វើស្លាកលេខរថយន្តក្លែងក្លាយ ចំនួន ១០គូ ឲ្យទៅឈ្មោះ សុខគីន ដោយទទួលបានប្រាក់ ចំនួន ២០ដុល្លារ ទៅ៣០ដុល្លារ ក្នុង ១គូ។
ជនជាប់ចោទ សារភាពថា ខ្លួនចេះធ្វើស្លាកលេខដោយសារ ខ្លួនធ្លាប់ជាមន្ត្រី រោងជាងធ្វើស្លាកលេខ របស់ក្រសួងគមនាគមន៍។
ដោយឡែក មន្ត្រីនគរបាលយុត្តិធម៌ មានតួនាទីជា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ សវនាការថា ក្រោយពីបានទទួលពាក្យបណ្តឹងពី ឯកឧត្តម ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធ ករណីមានជនខិលខូច លួចធ្វើ QR កូដលើប័ណ្ណសម្គាល់យានយន្ត ធ្វើប័ណ្ណបើកបរក្លែងក្លាយ និងស្លាកលេខរថយន្តក្លែងក្លាយ សមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតឈានដល់ ការកំណត់មុខសញ្ញា តាមខ្សែបណ្តោយ ចាប់បានជនជាប់ចោទ ខាងលើបញ្ជូនមកតុលាការ។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា សមត្ថកិច្ច បានរកឃើញថា មានមនុស្សជាច្រើន ដែលពាក់ព័ន្ធរួមមាន៖
-ឈ្មោះ បុរី ភេទប្រុស ជាអ្នកយកលុយពីជនជាតិចិន ធានាធ្វើស្លាកលេខ និងឯកសាររថយន្តចង្កូតស្តាំ
-ឈ្មោះ លី លីហ្សា ភេទស្រី ជាតួកុន ជាដៃគូរបស់ឈ្មោះ បុរី
-ឈ្មោះ យ៉ុង ភេទប្រុស ជនជាតិចិន ដែលជួលគេធ្វើស្លាកលេខ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងប័ណ្ណបើកបរ
-ឈ្មោះ ហែម សុវណ្ណគង្គា
-ឈ្មោះ ហាយ ប៉ី ហៅម៉ាប់ ភេទស្រី
-ឈ្មោះ សុខ គីន
-ឈ្មោះ ដា
-ឈ្មោះ ម៉េង ឡៃហេង។
ទោះជាយ៉ាងណា មន្ត្រីដដែលបាន អះអាងថា មនុស្សដែលសមត្ថកិច្ចរកឃើញថា បានពាក់ព័ន្ធ រឿងយកលុយពីជនជាតិចិន ទៅធ្វើ ស្លាកលេខក្លែងក្លាយ ប័ណ្ណសម្គាល់រថយន្តក្លែងក្លាយ និងប័ណ្ណបើកបរក្លែងក្លាយ ត្រូវបានសមត្ថកិច្ច ហៅទៅសាកសួរបានមួយចំនួន និងមួយចំនួន បានរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ច បានដោះលែងអ្នកដែលបានចូលខ្លួនបំភ្លឺនៅចំពោះមុខសមត្ថកិច្ចវិញ ព្រោះពួកគេគ្មានកំហុសនោះទេ ដោយសារពួកគេ រត់ការស៊ីលុយកម្រៃជើងសារ មិនបានប្រព្រឹត្តកំហុសទេ។
លោកអនុប្រធាននាយកដ្ឋានបាន ស្នើឲ្យតុលាការ ចេញដីកា តាមចាប់ខ្លួនឈ្មោះ ហាយ ប៉ី ហៅយាយម៉ាប់ និងឈ្មោះ ដា ដែលកំពុងរត់គេចខ្លួន មកផ្តន្ទាទោស តាមច្បាប់ ដូចជនជាប់ចោទខាងលើ។ ចំណែកអ្នកដែលសមត្ថកិច្ចកោះហៅ មកសួរចម្លើយ និងបានដោះលែងទៅវិញនោះ សូមឲ្យតុលាការ សម្រេចថាគ្មានទោសតាមសមត្ថកិច្ចទៅ
លោកអនុប្រធាននាយកដ្ឋាន បានទាំងបញ្ជាក់ថា របាយការណ៍សមត្ថកិច្ចដែលបញ្ជូនមកតុលាការនោះ មានចម្លើយសារភាពខ្លះ គឺមានកំហុសរដ្ឋបាល ដែលនគរបាលច្រឡំ សរសេរថា ជនសង្ស័យមួយចំនួន ដែលសមត្ថកិច្ចដោះលែង បានសារភាពថា ពួកគេបានប្រព្រឹត្តរឿង ក្លែងស្លាកលេខ និងឯកសាររថយន្តមែន ប៉ុន្តែការពិតគឺ នគរបាលសរសេរច្រឡំទេ ពួកគេអត់ដឹងអីទេ ពួកគេជាមនុស្សល្អណាស់។
ដោយសារតែសំណុំរឿងនេះ មានវិមតិសង្ស័យច្រើនទើបតុលាការសម្រេចលើកពេលទៅ សាកសួរដេញដោលនៅពេលក្រោយ (មិនទាន់កំណត់) ដោយរង់ចាំកោះហៅអ្នកពាក់ព័ន្ធមកឆ្លើយបំភ្លឺក្នុងសវនាការបន្ថែមទៀត៕
មតិយោបល់