ស្វាយរៀងៈ កាលពីវេលាម៉ោង៥និង១០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តរោងចក្រ១គ្រឿង បើកបុកបុរសម្នាក់ដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ ស្ថិតនៅផ្លូវលំ ចំណុចភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សពជនរងគ្រោះឈ្មោះ ផន ហាស់ឆាយលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
ចំណែកភាគីខាងរថយន្តឈ្មោះ ជឹម រ៉ាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានដើរតាមផ្លូវតែម្នាក់ឯង រួចក៏ដើរឆ្លងផ្លូវ ត្រូវរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខស្វាយរៀង ៣A០៧០០ បើកបរទិសដៅពីជើងទៅត្បូង ខណៈមកចំណុចកើតហេតុបុកអ្នកថ្មើរជើងពេញទំហឹង បណ្តាលឲ្យស្លាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ ជនរងគ្រោះជាមនុស្សមានសតិមិនគ្រប់៕


មតិយោបល់