ព័ត៌មានជាតិ

ឈ្មួញឈូសឆាយដីថា ដីព្រៃមានប្លង់មិនបាច់សុំច្បាប់ឈូសទេ ខណៈមន្ត្រីជំនាញថា ត្រូវតែសុំ

កំពង់ឆ្នាំងៈ ដីព្រៃរដ្ឋប្រមាណជិត៤០ហិកតាទៀត ស្ថិតនៅចំណុច១០៦ ក្នុងភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស កំពុងត្រូវបានឈ្មោះ ម៉ម ចាន់ថា ជាឈ្មួញរកស៊ីឈូសឆាយដីព្រៃ រស់នៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ដាក់គ្រឿងចក្រឈូសឆាយ ដោយមិនបានសុំការអនុញាតិ ពីជំនាញ ពាក់ព័ន្ធឡើយ ដែលករណីនេះ បានកើតឡើង រយៈពេលជិត ១០ថ្ងៃមកហើយ ប៉ុន្តែមិនទាន់ឃើញ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការឃាត់ ឬទប់ស្កាត់ឡើយ។

ក្រោយពីទទួល បានព័ត៌មានភ្លាម នៅវេលាម៉ោង៩និង៤៥នាទី អ្នកយកព័ត៌មាន យើងបានទាក់ទង សុំការបំភ្លឺពីលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស ពេលនោះទូរស័ព្ទលោក ទូរស័ព្ទចូល តែពុំមានអ្នកទទួលទេ។

ដោយឡែកលោក ចៅ សៀង នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រាំងស្គារ បានឲ្យដឹងថា៖ លោកមិនបានដឹងថា មានគេលួចឈូសឆាយដីព្រៃ នៅចំណុច ខាងលើឡើយ ហើយអ្នកចូលទៅឈូសនោះ ក៍មិនបានសុំការ អនុញាតិ ដាក់គ្រឿងចក្រ ចូលតំបន់នោះតាមច្បាប់ដែរ។ ករណីខាងលើនេះ លោកនឹង ដឹកនាំ កម្លាំងចុះទៅពិនិត្យ ទីតាំងខាងលើភ្លាម។

ពាក់ព័ន្ធនឹងករណីខាងលើ លោក កុយ សារ៉ន អនុប្រធានការិយាល័យ ភូមិបាលស្រុកទឹកផុសបានឲ្យដឹងថា៖ ទោះបីដីមានប្លង់រឹងយ៉ាងណា បើសិនដាក់គ្រឿងចក្រ ចូលឈូសឆាយ ត្រូវតែសុំច្បាប់ ជាមុនសិន ទើបអាចឈូសបាន។ នៅម៉ោង១១និង១៥នាទីឈ្មោះ ម៉ម ចាន់ថា ឈ្មួញឈូសឆាយដីព្រៃ នៅតំបន់ខាងលើ បាននិយាយតាម ទូរស័ព្ទប្រាប់ថា៖ ដីព្រៃដែលគាត់កំពុងឈូសនោះ ជាដីព្រៃមានប្លង់កាន់កាប់ត្រឹមត្រូវ ហើយបើដាក់គ្រឿងចក្រ ឈូសឆាយ ក៍មិនបាច់សុំអ្នកណាដែរ។

នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុសនេះ បានកើតឡើង នូវបញ្ហាជនល្មើស រំលោភយកដីព្រៃរដ្ឋរាប់សិបករណី ដែលមកដល់ពេលនេះ អាជ្ញាធរស្រុកខេត្ត និងជំនាញពាក់ព័ន្ធ មិនទាន់ចាត់វិធានការណាមួយ ឲ្យបានជា លទ្ធផលនៅឡើយទេ។ ហេតនេះហើយ ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គារ បានសំណូមពរដល់ក្រសួងពាក់ព័ន្ធ មេត្តាជួយចុះពិនិត្យជាបន្ទាន់ តាមដែលអាចធ្វើទៅបាន បើពុំនោះទេ ដីព្រៃរដ្ឋរាប់ពាន់ហិកតា នឹងត្រូវគេ បំផ្លាញ យកជាកម្មសិទ្ធជាក់ជាមិនខាន ហើយថ្ងៃក្រោយពលរដ្ឋ នឹងមិនអាចរកអុសមួយ អង្កត់មកដាំបាយគ្មាន៕

photo_2016-08-12_12-28-39photo_2016-08-12_12-28-49

មតិយោបល់