ព័ត៌មានជាតិ

ខឹងខ្ចីដែកកេះជក់ថ្នាំញៀនមិនបាន ជនសង្ស័យជិះម៉ូតូទៅផ្ទះ យកកាំបិតមកកាប់ជនរងគ្រោះរងរបួសធ្ងន់ នៅស្រុកស្អាង

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចរោង ចាំចម្ការរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តណ្តាល។

ជនរងគ្រោះឈ្មោះ សុខ ប៊ុនយ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែងឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់)។
ជនស្ស័យឈ្មោះ សារ៉ាយ សុខរ៉េន ភេទប្រុស ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន)។

នៅថ្ងៃទីខែឆ្នាំកើតហេតុវេលាម៉ោង០៩ព្រឹក ឈ្មោះ សារាយ សុខរ៉េន បានសុំប្រាក់ម្តាយ៥០០.០០០រៀលយកទៅទិញម៉ាស៊ីនបូមទឹកដាក់ដំណាំ ។ លុះដល់វេលាម៉ោងប្រហែល១០ព្រឹកឈ្មោះ សារ៉ាយ សុខរ៉េន (ជនសង្ស័យ)និងឈ្មោះសុខប៊ុនយ៉ុង (ជនរងគ្រោះ)បានយកម៉ាស៊ីនបូមទឹក ទៅដល់ផ្ទះ រួចហើយ ជនសង្ស័យបានប្រាប់ម្តាយថា សុំជូនបងយ៉ុងទៅរោងរបស់គាត់។ ពេលទៅដល់ក៏នាំគ្នាទិញស្រាបៀរផឹកពីរនាក់ ជនរងគ្រោះនៅរោងចាំចម្ការស្វាយ របស់ជនរងគ្រោះរហូតដល់ម៉ោង ០១ជាងរសៀល ក៏មានឈ្មោះ ឈៀង ឆូយ និងឈ្មោះ អែម ផៃ ចូលរួមផឹកដែរ។ លុះដល់ម៉ោងប្រហែល១៩.០០ នាទីឈ្មោះ សារ៉ាយ សុខរ៉េន បានទៅខ្ចីដែកកេះពីជនរងគ្រោះដើម្បីយកទៅឲ្យឈ្មោះ ឈៀង ឆូយ ជក់ថ្នាំញៀន។ ពេលនោះជនរងគ្រោះមិនឲ្យដែកកេះទេ ថែមទាំងនិយាយស្ដីឲ្យជនសង្ស័យថា (អាក្រយ៉ៅថោកនៅតែថោក) ភ្លាមនោះជនសង្ស័យខឹងក៏ជិះម៉ូតូ ទៅយកកាំបិតនៅផ្ទះកាន់ដើរទៅកាប់ជនរងគ្រោះ ពីក្រោយជាច្រើនកាំបិត ភ្លាមនោះឪពុកម្ដាយរបស់ជនសង្ស័យដែលដើររកកូន ក៏បានចាប់ឃាត់ចេញ។ រួចជនសង្ស័យក៏បានបោះគប់កាំបិតចោលហើយគេចខ្លួនបាត់។
ចំណែកជនរងគ្រោះ ត្រូវបានមិត្តភក្តិនិងឪពុកម្ដាយរបស់ជនសង្ស័យដឹកយកមកមន្ទីពេទ្យតាលន់។
លុះដល់ម៉ោង១០.១០នាទីថ្ងៃទី២៩.០១.២០២១ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍តាលន់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅចំនុចដីចម្ការស្វាយក្រោយភូមិវាលត្រែងឃុំតាលន់។

ករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាល កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់