ព័ត៌មានជាតិ

រថយន្តដឹកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បុកបង្គោលប៉ាណូ បណ្តាលឲ្យកៀបតៃកុងជាប់ក្នុងកាប៊ីន

ភ្នំពេញ: នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនវីរ: ប៊ុនថាំ បើកលឿនជ្រុលឡើងសួនច្បារ ទៅបុកបង្គោលប៉ាណូ បណ្ដាលឲ្យកៀបតៃកុងរងរបួសធ្ងន់ស្រាលចំនួន២នាក់ ស្ថិតនៅត្រង់រង្វង់មូលតាព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ជាឡានដឹកទំនិញបញ្ញើ២៥ខេត្តក្រុងរបស់ក្រុមហ៊ុនវីរ: ប៊ុនថាំ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 3F.5773 បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៦អា ទិសដៅពីកើត ទៅលិចក្នុងល្បឿន១យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោង ជ្រុលឡើងខឿនសួនច្បារ ទៅបុកបង្គោលប៉ាណូ កៀបតៃកុងជាប់ក្នុងកាប៊ីន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានជួយសង្រ្គោះ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យ យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នា នៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់