ព័ត៌មានជាតិ

រថយន្តលុចស៊ីស 400h មួយគ្រឿង ផ្លាកលេខភ្នំពេញ 2AF 88 76 បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្តលុចស៊ីស បើកបុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបរម៉ូតូឌ្រីមសង់ឆ្នាំ២០១០ មួយគ្រឿង ពាក់ផ្លាកលេខកំពង់ចាម 1E 03 13 ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តលុចស៊ីស 400h មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AF 88 76 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់វគ្គអើក៏បុកជនរងគ្រោះ ដែលជិះម៉ូតូ បណ្ដាលឲ្យដួលរងរបួសធ្ងន់ រួចមកត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍បន្ត ទៅផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកវាស់វែងយកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ៕

មតិយោបល់