ព័ត៌មានជាតិ

ហិង្សាក្នុងគ្រួសារ! កូនប្រុសម្នាក់ យកគម្របធុងទឹកគប់ម្តាយ បណ្ដាលឲ្យរបួសលើផ្ទៃមុខ ជាំភ្នែកខាងឆ្វេង និងស្ទុះទៅច្របាច់កថែមទៀត

បន្ទាយមានជ័យៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ដាំ ម៉ៅ ភេទស្រី អាយុ៥៣ឆ្នាំ ស្ដីពីករណីហិង្សាក្នុងគ្រួសារ នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ភ្លាមៗនោះលោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងឱ្យកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភ័ណ និត ហៅ ជ្រូក ភេទប្រុស អាយុ២២ឆ្នាំ យកមកដើម្បីធ្វើការសួរនាំ ។

ជនសង្ស័យខាងលើ ក្រោយពីសមត្ថកិច្ចសួរនាំរួច បានរៀបរាប់ថា កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោយពេលរូបគេហូបបាយរួច បានប្រមូលខោអាវរបស់ខ្លួន និងខោអាវរបស់ប្អូនដុតចោល ដោយគ្មានមូលហេតុ ហើយពេលនោះ ម្ដាយរបស់ខ្លួនបានស្ដីបន្ទោស និងជេរមកលើរូបគេ ទើបឱ្យផ្ទុះកំហឹង ហើយក៏យកគម្របធុងទឹកគប់ទៅលើម្ដាយរបស់ខ្លួន បណ្ដាលឱ្យរងរបួសលើផ្ទៃមុខ ហើយជាំភ្នែកខាងឆ្វេងទៀតផង មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏បានស្ទុះទៅច្របាច់កម្ដាយថែមទៀត ។

ដោយផ្អែកលើចម្លើយសារភាព និងយោងតាមពាក្យបណ្ដឹង ព្រមទាំងមានស្នាកស្នាមជាំលើមុខជនរងគ្រោះ ទើបកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្តចាត់ការបន្ត ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់