ព័ត៌មានជាតិ

ទាហានបើករថយន្តផ្លាកលេខ ខេមរភូមិន្ទ 2-7221 បុកម៉ូតូកម្មការិនីរោងចក្រម្នាក់ពេញទំហឹង បណ្តាលឲ្យដួលបោក រងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃសៅរិ៍ ២រោច ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ ត្រង់ចំណុចផ្លូវជាតិលេខ២ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តម៉ាក FORD ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-7221 បើកបរដោយឈ្មោះ សរ សិរី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ទាហាន មានទីលំនៅនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ពុំមានរងរបួស ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AA-3333 បើកបរដោយឈ្មោះ ឈិន ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិបឹងឈ្នះ ឃុំកោះក្រឡ ស្រុកកោះក្រឡ ខេត្តបាត់ដំបង ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យដួលបោក រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមណ្ឌលសុខភាពព្រែកកំពឹស ។

មូលហេតុ៖ បណ្តាលមកពីភាគីខាងរថយន្ត បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ។

បច្ចុប្បន្ន៖ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕

មតិយោបល់