បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កូនបុ្រសចិត្តអប្រិយ៍ម្នាក់បានប្រព្រឹត្តអំពើហឹង្សាទៅលើម្តាយរបស់ខ្លួន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ភ័ណ និត ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជននេះនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្រមូលខោអាវរបស់ខ្លួននិងខោអាវរបស់ប្អូនគេដុតចោល ដោយគ្មានមូលហេតុ នៅពេលនោះម្តាយរបស់ឈ្មោះ ដាំ ម៉ៅ អាយុ៥៣ឆ្នាំ បានស្តីបន្ទោស ហើយកូនប្រុសចិត្តឃោឃៅរូបនេះបានយកគម្របធុងទឹកគប់ទៅលើម្តាយរបស់គេ បណ្តាលឲ្យត្រូវមុខ ជាំភ្នែកឆ្វេង ប៉ុណ្ណឹងមិនអស់ចិត្តក៏ស្ទុះទៅចាប់ច្របាច់ ក ម្តាយខ្លួនបន្ថែមទៀត ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះជាម្តាយ លោកបានចាត់តាំងកម្លាំង ចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនកូនអកតញូ រូបនេះមកធ្វើការសួរនាំ នៅបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។ នៅជំពោះមុខសមត្ថកិច្ចជននេះបានសារភាពថា ពេលរូបគេហូបបាយរួច រូបគេបានប្រមូលខោអាវរបស់ខ្លួន និងខោអាវរបស់ប្អូនខ្លួនដុតចោល ដោយគ្មានមូលហេតុ ហើយពេលនោះម្ដាយរបស់ខ្លួនបានស្ដីបន្ទោស និងជេមកលើរូបគេ ទើបឱ្យរូបគេផ្ទុះកំហឹង ហើយរូបគេក៏យកគម្របធុងទឹកគប់ទៅលើម្ដាយរបស់ខ្លួនបណ្ដាលឱ្យរងរបួសលើផ្ទៃមុខ ហើយជាំភ្នែកខាងឆ្វេងទៀតផង មិនត្រឹមតែប៉ុណ្ណោះរូបគេក៏បានស្ទុះទៅច្របាច់ ក ម្ដាយថែមទៀត។ ដោយផ្អែកលើចម្លើយសារភាព និងយោងតាមពាក្យបណ្ដឹង ព្រមទាំងមានស្លាកស្នាមជាំលើមុខជនរងគ្រោះជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនមកការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ហើយជនសង្ស័យក៏ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ផងដែរ៕
មតិយោបល់