បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបន្តាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពីបទនាំចេញមិនស្របច្បាប់ និងជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទាយ យេ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្នាចអំពេរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញបានទទួលបណ្តឹងពីឈ្មោះ អឿន លឹប ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់លើឈ្មោះ ទាយ យេ នេះថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បាននាំកូនស្រីរបស់ខ្លួនឈ្មោះ ល.ស.ល អាយុ១៦ឆ្នាំ រត់ចេញពី ។
លោកនាយការិយាល័យ បានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងនឹងមានតម្រុយថា ជនសង្ស័យទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែង នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងជំនាញបានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងប្ញស្សី ធ្វើការស្រាវជ្រាវរហូតរកឃើញជនសង្ស័យ ស្នាក់ក្នុងផ្ទះសំណាក់ឈ្មោះ ម៉ារី ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបាន និងឆែកឆេររកឃើញមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកកចំនួន០៤កូនថង់ ស្មើនឹងទម្ងន់១៤,៣៨ក្រាមផងដែ ហើយបាននាំខ្លួនមកធ្វើការសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ធឿង វាសនា បានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាមានទំនាក់ទំនង ស្នេហាជាមួយក្មួយស្រីជីទួតមួយឈ្មោះ ល.ស.ល តាមរយៈលេងតាមឆាតហ្វេសប៊ុក បន្ទាប់មករូបគេក៏មកលេងដល់ផ្ទះជនរងគ្រោះ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក៏បាននាំគ្នារត់ចេញពីផ្ទះ ទៅស្នាក់នៅផ្ទះសំណាក់ ក្នុងស្រុកមង្គលបូរីចំនួន២យប់ រួចបន្តទៅស្នាក់នៅផ្ទះសំណាក់ម៉ារី ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងចំនួន៣យប់ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ចំណែកគ្រឿងញៀននេះ ខ្លួនទិញយកមកលក់ចែកចាយបន្ត និងប្រើប្រាស់ខ្លួនឯង ៕
មតិយោបល់