ភ្នំពេញៈ បុរសម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ស្នាក់នៅក្នុងការដ្ឋានសំណង់ បន្ទាប់ពី ស្រ្តីជាប្រពន្ធរស់នៅមិនចុះសម្រុងគ្នា នាំកូនប្រុសម្នាក់រត់ចោល ទុកឱ្យគាត់នៅតែលតោល ជាមួយកូនប្រុសអាយុ៩ឆ្នាំម្នាក់ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅបន្ទប់លេខ ០៦៧G ផ្លូវលេខ១០៣ ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ភ្លាមៗ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែត តែស្លាប់បាត់ទៅហើយ។
បុរសដែលគិតខ្លី ត្រូវបាននគរបាលឱ្យដឹងថា ឈ្មោះ សម រដ្ឋា អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ម្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធ និងកូនប្រុស២នាក់ ។ តាមក្រុមគ្រួសារ បានឱ្យដឹងថា បុរសរូបនោះបានចងកសម្លាប់ខ្លួន នឹងខ្សែអង្រឹងភ្ជាប់ទៅនឹងស្នួហាលខោអាវ នៅក្នុងបន្ទប់ហើយក៏បណ្តាលឲ្យស្លាប់ ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានទិញស្រាចំនួន៣កំប៉ុង ផឹកនៅក្នុងបន្ទប់ជួល ។ បន្ទាប់ពីផឹកស្រវឹង បុរសរូបនោះក៏បានយកខ្សែអង្រឹង មកចងកសម្លាប់ខ្លួន ហើយត្រូវបានកូនប្រុស ដែលរត់លេង នៅក្បែរនោះឃើញ ក៏បានរត់ចេញស្រែកប្រាប់ ឪពុកមា និងអ្នកជិតខាងឱ្យមកជួយ ហើយនាំគ្នាកាត់ខ្សែទំលាក់ ហើយ ហៅម៉ូតូកង់៣ដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវបានគ្រូពេទ្យថា ស្លាប់បាត់ទៅហើយ ។
តាមក្រុមគ្រួសារ បានឱ្យដឹងថា បុរសរូបនោះមានប្រពន្ធ នឹងកូនប្រុសចំនួន២នាក់ ដែលកូនបងអាយុ៩ឆ្នាំ និងកូនប្អូន អាយុ៥ឆ្នាំ ។ មួយរយៈចុងក្រោយនេះ ជីវិតគ្រួសារក៏បានប្រេះឆា មានភាពរកាំរកូស ដោយមានការឈ្លោះគ្នាជាប្រចាំ តែពុំដឹងថា មកពីមូលហេតុ អ្វីពិតប្រាកដឡើយ ។
ប្រភពដដែលបន្តទៀតថា កាលពីថ្ងៃទី០១ ខែកម្ភៈ ឆ្នាំ២០២១ ខណៈពេលចេញពីធ្វើការសំណង់វិញ បុរសរូបនោះបានហូបបាយថ្ងៃត្រង់ជុំគ្នាជាមួយកូនប្រុសរបស់ខ្លួន និងប្អូនថ្លៃហើយបាននិយាយប្រាប់ផ្តែផ្តាំទៅប្អូនថ្លៃប្រុសថា ឯងមើលកូនប្រុសបងផង ហើយទៅបើកលុយហើយសងគេជំនួសបងចំនួន៥ម៉ឺនរៀលផង ។
ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា រយៈពេលប្រមាណជាង១ខែ មកហើយ ស្រ្តីជាប្រពន្ធ ក៏បានសម្រេចចិត្ត ចុះចោល ផ្ទះ (លែងលះគ្នា ) ដោយយកកូនប្រុសអាយុ៥ឆ្នាំម្នាក់ ទៅរស់នៅធ្វើការឯខេត្តកំពង់ស្ពឺ ។
មូលហេតុដែលនាំអោយគ្រួសារនេះ បែកបាក់គ្នា គឺបណ្តាលមកពីឈ្លោះទាស់ទែងគ្នា ហើយ ប្រពន្ធរត់ចោលដោយសារតែភាពក្រីក្រ ព្រោះមួយរយៈនេះប្តី មិនស្រូវមានការងារធ្វើ ។ បន្ទាប់ពីប្រពន្ធរត់ចោល ធ្វើអោយបុរសរូបនោះ បាក់ទឹកចិត្តលែងមានក្តីសង្ឃឹម ក្នុងជីវីត ហើយគិតតែផឹក លែងគិតធ្វើការងារហើយ បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនតែម្តង ។ សពត្រូវដាក់តម្កល់ទុកនៅសាលសពក្នុងមន្ទីរពេទ្យកាលម៉ែត រង់ចាំនគរបាលជំនាញត្រួតពិនិត្យ រួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់