បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងរថយន្តធុនស្រាលបើកបរស្របទិសគ្នា បណ្តាលអោយមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល ដោយសារភាគីម៉ូតូបើកឆ្លងចូលគន្លងផ្លូវមិនប្រយ័ត្ន ហើយត្រូវរថយន្តកៀរ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥និង៤៦នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី១២ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា មានម៉ូតូហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខ ប.មានជ័យ 1J-4115 បើកបរលើទ្រូងផ្លូវខាងលិច ក្នុងទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចកើតហេតុ បានបត់ស្តាំឆ្លងចូលគន្លងទ្រូងផ្លូវជាតិខាងកើត ស្រាប់តែមានរថយន្តម៉ាកកាមរី (CAMRY) ពណ៌ស ស៊េរី១៩៩១ ពាក់ផ្លាកលេខ ច 0807 ភព២ បើកបរតាមទ្រូងផ្លូវខាងកើតទិសស្របគ្នា គេចមិនផុតក៏កៀរម៉ូតូកំពុងឆ្លងបណ្តាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន០៤នាក់ ។
ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ត្រូវក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ។ លុះកម្លាំងជំនាញស្រុកទៅដល់បានវាស់វែង និងដកហូតមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់