ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង៤០នាទី នៅ ចំណុចមភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។
ជនរងគ្រោះឈ្មោះ លី សុខា ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុខាងលើ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ស្តីពីករណីបាត់ផ្លាកលេខរថយន្ត មានលេខ ត្បូងឃ្មុំ 3A.2445 ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧និង៤៥នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់(គេចខ្លួន២នាក់) ។
ជនសង្ស័យមានឈ្មោះ ទិព្វ សេរីវុធ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ជាងឡាន (ឃាត់ខ្លួនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១) ទីលំនៅបច្ចុប្បន្នភូមិធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឈ្មោះ រស់ វណ្ណដេត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១) ទីលំនៅបច្ចុប្បន្នបន្ទប់ជួលគ្មានលេខ ផ្លូវលំភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ទាំង២នាក់បានសារភាពថា ពួកខ្លួនស្គាល់ឈ្មោះ ណម ធារ៉ា (គេចខ្លួន)រយៈពេលប្រហែល២ឆ្នាំមកហើយ តាមរយៈធ្វើឯកសាររថយន្តក្លែងក្លាយដើម្បីយកទៅចាប់រថយន្តអត់ពន្ធនាំចូល ហើយខ្លួនធ្លាប់អោយឈ្មោះ ធារ៉ា ធ្វើ៤ទៅ៥ដង ដោយ១គ្រឿងតម្លៃចាប់ពី៦៥០០ដុល្លារទៅ៨៥០០ដុល្លារ ។
ជនសង្ស័យបន្តថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ ណម ធារ៉ា បានអោយខ្លួនមកជួបនៅក្រោយពេទ្យរុស្សី ដោយបានប្រគល់ផ្លាកលេខរថយន្តត្បូងឃ្មុំ 3A.2445 និងប័ណ្ណសម្គាល់យានយន្ត ១សន្លឹក និងបន្ទះដែក មានលេខសាក់ស៊ីចំនួន១បន្ទះអោយពួកខ្លួន៣នាក់យកទៅលក់អោយមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ក្នុងតម្លៃ៤៥០០ដុល្លារ ពួកខ្លួនក៏ជិះម៉ូតូ១គ្រឿងម៉ាកស្គូពីចេញទៅស្ថានីយប្រេងកាល់តិចពេទ្យលោកសង្ឃ ។ ពេលទៅដល់អ្នកទិញនិយាយថា ខ្វះឯកសារពន្ធផ្លូវ និងពន្ធនាំចូល ហើយម្នាក់ដែលមកជាមួយមិនស្គាល់ឈ្មោះ(គេចខ្លួន)ក៏ជិះម៉ូតូចេញទៅយកបាត់ទៅ ចំណែកខ្លួន២នាក់ក៏ត្រូវសមត្ថកិច្ចនាំខ្លួន រួមនឹងវត្ថុតាងមកកាន់ការិយាល័យ នរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញតែម្តង ។
ចំពោះផ្លាកលេខរថយន្ត ត្បូងឃ្មុំ 3.A2445 ដោយបានការអនុញ្ញាតពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាត អោយម្ចាស់យកទៅប្រើប្រាស់ជាបណ្តោះអាសន្ន ។
បច្ចុប្បន្ន ជនសង្សយ័២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់