ព្រះសីហនុៈ នៅវេលាម៉ោង៥និង៤០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តតន្រ្តីសម័យ១គ្រឿង បើកធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកលេងភ្លេង និងអ្នកចម្រៀងចំនួន២នាក់ រងរបួស បង្កដោយខ្លួនឯង ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេព ២AG-២៧៦០ មានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ ។ ករណីនេះ បណ្តាលអោយមនុស្ស២នាក់រងគ្រោះ៖១/ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកលេងភ្លេង ជាអ្នកបើកបរ ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល) ។ ២/ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចំរៀង ទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល)។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាល ។
ហេតុការណ៍ខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍ជៀសវាងការកក់ស្ទះនៅលើដងផ្លូវ ៕
មតិយោបល់