ភ្នំពេញៈ ជនសង្ស័យ៧នាក់ ព្រមទាំងថ្នាំញៀន៣កញ្ចប់និងម៉ូតូ៣គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៧នាក់ ទី១.ឈ្មោះ ចាន់ សេរី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងពិដាន។ ទី២ឈ្មោះ ស៊ុន ជាតា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងពិដាន។ ទី៣ឈ្មោះ គេង ម៉េងហួ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងពិដាន បច្ចុប្បន្នអ្នកទាំង ៣នាក់មានទីលំនៅភូមិរំចង់ ភូមិទ្រា ស្រុកពារាំង ខេត្តព្រៃវែង។ ទី៤ឈ្មោះ បាន សុខយ័ន្ន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកាប់គោ។ទី៥ឈ្មោះ ធី លីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ទី៦ឈ្មោះ ផល រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី៧ឈ្មោះ ឆុន រ៉ាឈីត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើ គឺសមត្ថកិច្ចយើងបានដាក់គោលដៅពួនស្ទាក់ ដើម្បីទប់ស្កាត់នៅបទល្មើសក្នុងមូលដ្ឋាន ស្រាប់តែពេលនោះ ក៏បានប្រទះឃើញជនសង្ស័យទាំង៧នាក់ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ ជាប្រភេទម៉ាទឹកកក និងដកហូតម៉ូតូ ៣គ្រឿង យកមកអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៧នាក់ បានសារភាពថា ថ្នាំញៀនដែលពួកគេទិញនោះ គឺនៅម្តុំរោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលពួកគេទិញយកទៅប្រើប្រាស់នៅស្រុករបស់ពួកគេ។
សូមបញ្ជាក់ថា តាមការឲ្យដឹងពីប្រជាពលរដ្ឋទីតាំងរោងចក្រឆ្នាំងនេះ គឺជាម្តុំដែលពោរពេញទៅដោយទីតាំងចែកចាយគ្រឿងញៀន ដូចផ្សារទំនិញលក់ដូរទាំងថ្ងៃទាំងយប់ អ្នកខ្លះទៀតឈរលក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះ។ ហេតុអ្វីបានជាសមត្ថកិច្ចមិនមានវិធាការ ទៅលើទីតាំងទាំងនេះនៅក្នុងមូលដ្ឋានរបស់ខ្លួនឯងចឹង រឺមួយក៏សមត្ថកិច្ចទទួលបានផលប្រយោជន៍ពីពួកឈ្មួញទាំងអស់នោះ។
បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់