ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅចំណុច ភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៣និង០០នាទីនាថ្ងៃទី០៤ កុម្ភ:២០២១ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនដៃដល់ឈ្មោះ អង កំសត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មរ រស់នៅភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ចំណែកជនរងគ្រោះឈ្មោះ ស្រី ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានអង្គុយផឹកស៊ីជាមួយជនរងគ្រោះ ។
ប្រភពបន្តថា ខណ:ស្រវឹងរៀងៗខ្លួន អ្នកទាំង២បានឈ្លោះប្រកែកគ្នារហូតធ្វើឲ្យជនសង្ស័យឈ្មោះ អង កំសត់ ទប់ចិត្តមិនបាន ក៏ស្ទុះទៅយកកាំភ្លើងកែច្នៃ(បាញ់គ្រាប់កង់) បាញ់សំដៅទៅលើជនរងគ្រោះ ធ្វើឈ្មោះស្រី ចំរើន រងរបួសចំកំភួនជើង ។
បន្ទាប់ពីកើតហេតុ ក៏មានការផ្អើលឈូរឆររាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាក់ស្តែង រួមទាំងវត្ថុតាងមានកាំភ្លើងកែច្នៃចំនួន០១ដើម(កាំភ្លើងខ្យល់) មកអធិការដ្ឋាននគរបាលស្រុកកណ្តៀងតែម្តង ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់ ៕

មតិយោបល់