ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានសហការរៀបចំសិក្ខាសាលា ស្តីពីការត្រួតពិនិត្យការអនុវត្តគម្រោង និងការត្រួតពិនិត្ យពាក់កណ្តាលអាណត្តិ លើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្ពុជា ២០១៣-២០១៨ ដែលជាផែនការយុទ្ធសាស្រ្ត ក្នុងការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា របស់ IFAD នៅសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះ។
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា កសិកម្មបាន និងកំពុងដើរតួនាទីសំខាន់ណាស់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែកំណើនរបស់វិស័យកសិកម្ម កំពុងស្ថិតក្នុងស្ថានភាពថមថយ ដោយសារបញ្ហា ដែលមានចរិតជារចនាសម្ព័ន្ធមួយចំនួន ក្នុងខណៈវិស័យនេះ ក៏កំពុងទទួលរងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។
ក្នុងន័យនេះ លោករដ្ឋលេខាធិការ បានស្នើសុំដល់ IFAD ដៃគូរពាក់ព័ន្ធ ពិសេសក្រសួងស្ថាប័នដែលម្ចាស់នៃគម្រោងផ្ទាល់ ត្រូវធ្វើឆ្លើយតបទៅនឹងការប្រែប្រួល នៃបរិការណ៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ផង និងបរិការណ៍ដោយឡែករបស់វិស័យកសិកម្ម ដូចបានគូសបញ្ជាក់ពីខាងលើនេះផង តាមរយៈការគិតគូរពិនិត្យឡើងវិញ នូវគោលនយោបាយ និងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត។
លោក វង្សី វិស្សុត ក៏បានសម្តែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិង IFAD ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៩៦ មក។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បើគិតពីទំហំហិរញ្ញប្បទាន ដែល IFAD បានផ្តល់ដល់កម្ពុជា គឺមិនច្រើនណាស់ណាទេ ប៉ុន្តែអ្វីដែលសំខាន់ គឺ IFAD ជាដៃគូមួយដ៏ល្អ ជាដៃគូអភិវឌ្ឍន៍ពិតប្រាកដ មានឯកទេសជំនាញច្បាស់លាស់ ជាពិសេស បានគោរពភាពជាម្ជាស់របស់កម្ពុជា ហើយគ្មានរបៀបវារៈនយោបាយ នៅពីក្រោយខ្នង។ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យ IFAD បន្តធ្វើការសម្របសម្រួល ជាមួយដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការបំពេញឱ្យគ្នា ទៅវិញទៅមក និងបង្កើនតម្លៃបន្ថែមរបស់គម្រោង៕
មតិយោបល់