-នៅថ្ងៃទី៤ខែ មិថុនា ឆ្នាំ២០២១នេះអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯកសន និល អធិការនគរបាលស្រុករតនមណ្ឌល បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ញុៀ ហឿន ភេទប្រុសអាយុ៥៩ឆ្នាំរសនៅភូមិជីប៉ាង ឃុំផ្លូវមាសស្រុករតនមណ្ឌលខេត្តបាត់ដំបង ដែលរូបគាត់បានប្រទះឃេីញ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(គ្រាប់មីនប្រភេទ72A)ឬហៅថាមីនស្គរឬមីនសញ្ញាលេខបូកនៅក្នុងដីចំការរបស់គាត់មួយកន្លែង ក្នុងខណៈដែលរូបគាត់បានទៅភ្ជួរដីធ្វេីចំការនៅទីនោះ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថានៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌលដែលពលរដ្ឋប្រទះឃេីញយុទ្ធភ័ណ្ឌកប់នៅក្នុងដីពេលនេះគឺជាចំណុចក្តៅមួយក្នុងចំណោមចំណុចក្តៅផ្សេងទៀតដែលមានបង្កប់ដោយយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម ហេីយជារឿយៗប្រជាពលរដ្ឋបានប្រទះឃេីញយុទ្ធភ័ណ្ឌទាំងនេះ នៅពេលគាត់កាប់គាស់ភ្ជួរដីបង្កបង្កេីនផល ។
លោកបន្តថា អនុវត្តតាមមតិណែនាំរបស់លោកស្នងការ សមត្ថកិច្ចរបស់លោកតែងតែចលនាបំផុសដល់ប្រជាពលរដ្ឋនៅមូលដ្ឋានខណៈពេលដែលពួកគាត់បានប្រទះឃេីញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាលឬអាជ្ញាធរមូលដ្ឋានដេីម្បីមានវិធានការដោះស្រាយភ្លាមៗជាក់ស្តែង។ លោកថាទោះជាបែបនេះក្តី យូរៗម្តងយុទ្ធភ័ណ្ឌទាំងនេះបានបង្កឱ្យប្រជាពលរដ្ឋទទួលរងគ្រោះថ្នាក់ តាមរយៈការភ្ជួរដីឬបានប៉ះពាល់ដោយខ្វះការប្រុងប្រយ័ត្ន។
លោកអធិការបានឱ្យដឹងបន្តថានៅពេលនេះសមត្ថកិច្ចនគរបាលរបស់លោកបានទៅដល់ចំណុចនោះដោយបានពិនិត្យឃេីញជាក់ស្តែង និងបានផ្តល់ព័ត៌មានជូនទៅអង្គភាពកំចាត់មីនកម្ពុជាCMACដេីម្បីជ្រាបនិងចាត់ចែងតាមជំនាញនៅពេល បន្ទាប់ហេីយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
មតិយោបល់