ព័ត៌មានជាតិ

ជិះម៉ូតូរអិលដួល ផ្លាតចូលក្រោមកង់រថយន្តកុងតឺន័រ បណ្តាលឲ្យកិនស្លាប់និងរងរបួសធ្ងន់៣នាក់

កណ្តាល: នៅថ្ងៃសុក្រ ០៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូ និងរថយន្តកុងតឺន័រ បណ្ដាលឲ្យស្លាប់ប្រុសម្នាក់ និងរបួសស្រាលស្រី០២នាក់ ត្រង់ចំណុចភ្លើងស្តុបព្រែកហូរ លើផ្លូវ១១៥ កែងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AF-0380 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ ) អ្នកបើកបរឈ្មោះ ចក់ ប៊ុនឡុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ តែដោយរបួសធ្ងន់ធ្ងរពេក ក៏បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ) និងអ្នករួមដំណើរពីក្រោយចំនួន០២នាក់៖

ទី១-ឈ្មោះ សៀង ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសស្រាល) ។ ទី២-ឈ្មោះ ស្រីពៅ ភេទស្រី (របួសស្រាល) ។ ម៉ូតូបើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរអិលផ្លាតនឹងជាយផ្លូវ បណ្ដាលឲ្យម៉ូតូដួល ចំណែកអ្នកបើកម៉ូតូខ្ទាតចេញពីម៉ូតូ ដួលលើថ្នល់ ស្របពេលដែលរថយន្តកុងតឺន័រ បើកមកពីក្រោយ ក្នុងទិសដៅពីលិច ទៅកើតស្របទិសគ្នា ដែលមាន ម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-3176 និងកន្ទុយរ៉ឺម៉ក ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ក៏បណ្ដាលឲ្យកង់មុខរថយន្តខាងស្ដាំកិនចំ ពោះអ្នកបើកម៉ូតូតែម្ដង ។ ការខូតខាតម៉ូតូស្រាល០១ គ្រឿង និងរថយន្តស្រាល០១គ្រឿង ។

បច្ចុប្បន្ន មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់