ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត

កណ្តាល: នៅថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទីមានករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)
ចំណុចបន្ទប់ជួលភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ជាតិ សុខកា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ សុខ ភិរម្យ ហៅរុន ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក Smash V ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ មិនចាំស្លាកលេខ។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ១គ្រឿងម៉ាក Nចុចពិល ពណ៌ផ្ទៃមេឃ ។

នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យ ដែលស្នាក់នៅបន្ទប់ជួលជិតគ្នា បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ដែលមានភិនភាគដូចខាងលើ ដោយបានប្រាប់ថា ជិះទៅភ្នំពេញទៅមើលអ្នកជិតខាងសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែត្រ និងឆ្លៀតទៅខ្ចីលុយបងប្អូនផង ពេលនោះជនរងគ្រោះក៏សុំទៅសួរសុខទុក្ខអ្នកសម្រាលកូនដែរ ដោយជនសង្ស័យជាអ្នកបើកម៉ូតូ ពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ជនសង្ស័យទុកជនរងគ្រោះឲ្យនៅទីនោះ ហើយខ្លួនបានជិះម៉ូតូជនរងគ្រោះថា ទៅខ្ចីលុយបងប្អូនមួយភ្លែត ក៏ទៅបាត់រហូតមិនឃើញត្រឡប់មកយកជនរងគ្រោះវិញទើបជនរងគ្រោះទូរស័ព្ទសួរ ជនសង្ស័យប្រាប់ថា ខ្លួនមិនទាន់បានទៅវិញទេ ឲ្យជិះម៉ូតូឌុបទៅផ្ទះទៅ ពេលនោះជនរងគ្រោះទៅផ្ទះវិញ ដើម្បីរង់ចាំជនសង្ស័យយកម៉ូតូឲ្យតែមិនឃើញសោះ ទូរស័ព្ទក៏បិទទៀត។ លុះដល់ថ្ងៃទី៥ ខែឆ្នាំដដែលទើបឃើញជនសង្ស័យត្រឡប់ទៅបន្ទប់ជួលវិលប្រាប់ជនរងគ្រោះថា ម៉ូតូត្រូវឈ្មោះសុធាខ្ចីបន្តបាត់ហើយ ទើបជនរងគ្រោះបាននាំជនសង្ស័យប្រគល់ជូននគរបាលប៉ុស្តិ៍សិត្បូដើម្បីធ្វើការសាកសួរ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់