ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចកូនទូក

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្សាយ ៧ កុម្ភ: ២០២១ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្តិ។ ចំណែកជនរងគ្រោះឈ្មោះ សេង សំអាង ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរសាឡង់ ស្នាក់នៅផ្ទះ៥៤៥ ភូមិព្រែកតាសេក សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យឈ្មោះ សុខ ហៃ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ម៉ោង១៦ និង៣០នាទី មុនពេលកើតហេតុ ជនរងគ្រោះ បានបើកសាឡង់ដឹកប្រេង មកទុកនៅចំណុចច្រាំងទន្លេ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រួចក៏ដេកនៅលើសាឡង់ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ឈ្មោះសុខ ហៃ, លី និងឈ្មោះម៉ាប់ ជិះទូក០១គ្រឿង មកឈប់ក្បែរ រួចនាំគ្នាឡើងសាឡង់លួចយកកូនទូកស្មាច់០១គ្រឿង, ប្រេងម៉ាស៊ូត ០៤កាន, ទូរស័ព្ទដៃ ម៉ាក Oppo ពណ៌ក្រហម ០១គ្រឿង និងកូនសោ០៣ឈុត យកទុកលើទូក ពេលនោះជនរងគ្រោះ ឃើញស្រែកចោរៗ ជនសង្ស័យបើកទូកគេចខ្លួន។

លុះដល់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ ម៉ោង១៣ និង៣០នាទី ជនរងគ្រោះ និងកម្មករ ឃើញជនសង្ស័យឈ្មោះសុខ ហៃ កំពុងបើកទូក ក៏ឃាត់ខ្លួនរួម និងទូក០១គ្រឿង ជិះធ្វើសកម្មភាព ប្រគល់ឲ្យសមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់