ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូឆ្លងផ្លូវអូសជាង ១០ម៉ែត្រ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋបុកកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BP-7758 ធ្វើដំណើរតាមបណ្តោយផ្លូវតាមក្នុងទិសដៅពីជើងទៅត្បូង ហើយបានឆ្លងផ្លូវជាតិលេខ៤ បំណងបត់ទៅកើត ខណ:ឆ្លងផុតរបាំងថ្មពុះចែកទ្រូងផ្លូវបន្តិចស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-1605 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុក និងអូសជនរងគ្រោះប្រហែល ១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុតៃកុងរថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់៕

មតិយោបល់