ភ្នំពេញៈ បន្ទាប់ពីមានករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្តាលឲ្យស្លាប់មន្រ្តីយោធាម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ និងរបួសនារីម្នាក់ កាលពីម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនដៃដល់ឈ្មោះ សែន រដ្ឋា មានឋានៈជាអនុសេនីយ៍ បានបាញ់លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្ស បណ្តាលឲ្យស្លាប់ រួចជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងជាក្រោយ បន្ទាប់ពីបាញ់នារីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ក្រោយមកត្រូវបានគេអះអាងថា នារីរូបនោះបានស្លាប់ហើយ នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ។ លោកបន្តថា ករណីបាញ់ប្រហារខាងលើនេះ សង្ស័យផ្ដើមចេញពីរឿងស្នេហាត្រីកោណ។
លោកបានបញ្ជាក់ថា ជនដៃដល់បានប្រើប្រាស់កាំភ្លើងម៉ាក ឡុក ហើយការបាញ់ប្រហារនេះ គឺស្ថិតនៅអគារជាន់ទី៥ ក្នុងបន្ទប់ការិយាល័យរបស់ឧត្តមសេនីយ៍តែម្ដង រីឯនារីដែលស្លាប់នៅក្នុងមន្ទីរពេទ្យ មានឈ្មោះ សេង ម៉ាលីណា អាយុ២៨ឆ្នាំ ជំនួយការ។
ខណៈនេះ កម្លាំងអាវុធហត្ថក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ៕
https://youtu.be/F2_APKjTb2c
មតិយោបល់