ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតចំណុចផ្លូវលេខ៩៣ កែងផ្លូវលេខ៦២ ក្រុមទី១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែបានឲ្យដឹងថា មុនដំបូងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បាន និងកំពុងជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នៅបទល្មើស ឆក់ ប្លន់ លួច គាស់ផ្ទះ ពេលនោះ ស្រាប់តែបានប្រទះឃើញជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA TODOY ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1CY-9278 ជិះតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅឲ្យឈប់ រួចធ្វើការឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ម៉ាទឹកកក)១កញ្ចប់តូចថង់ប្លាស្ទិក ថ្នាំញៀន១កញ្ចប់ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួន និងយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ។

លោក ហ៊ុយ ហ៊ាន បានបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះ គុយ ទី ហៅ ជី ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ ជាងរថយន្ត ជនជាតិខ្មែរ ស្នាក់នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ និងទី២ ឈ្មោះ ពិន សុខគា ហៅ ជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះជនជាតិខ្មែរ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់