ព័ត៌មានជាតិ

បុរសម្នាក់ ទៅលេងប្រពន្ធនៅភ្នំពេញ សុំលុយម្តាយ១០ម៉ឺនរៀលមិនបាន ចងកសម្លាប់ខ្លួន

កំពង់ធំៈ នៅថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ និង០០នាទី មានករណីមនុស្សស្លាប់ដោយធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍មួយ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សាកសពជនរងគ្រោះឈ្មោះ អ៊ុន ទក ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ-ឃុំកើតហេតុ។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ អ៊ុត មឿន ភេទស្រី អាយុ៥០ឆ្នាំ (ត្រូវជាម្ដាយបង្កើតរបស់សព) បានរៀបរាប់ប្រាប់ថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែល៧យប់ កូនរបស់គាត់ឈ្មោះ អ៊ុន ទក ភេទប្រុស អាយុ២៣ ឆ្នាំ និងឈ្មោះ អ៊ុនប៉េង អាន ភេទប្រុស អាយុ២៥ឆ្នាំ បាននាំគ្នាទម្លាក់អុសចន្ទី ពីលើគោយន្តកន្ត្រៃ ដាក់នៅឡខាងក្រោយផ្ទះរបស់ខ្លួនប្រហែល២៥ម៉ែត្រ ។ បន្ទាប់ពីទម្លាក់អុសរួច នៅម៉ោងប្រហែល៨យប់ ហើយបាននាំគ្នាហូបបាយជុំគ្នា នៅលើគ្រែក្រោមផ្ទះ ពេលហូបបាយរួចហើយ ម៉ោងប្រហែល៨និង២០នាទីយប់ ជនរងគ្រោះ បានសុំលុយម្តាយប្រាំពាន់រៀលទិញស្រាផឹក ភ្លាមនោះគាត់បានឲ្យប្តីយកលុយឱ្យកូន ពេលនោះប្ដីឱ្យលុយកូនមួយម៉ឺនរៀលហើយ ឈ្មោះ អ៊ុន ទក ដែលជាជនរងគ្រោះ បានជិះម៉ូតូចេញទៅបាត់រហូតដល់ម៉ោងប្រហែល១២យប់ ។ នៅថ្ងៃខែឆ្នាំដដែលទើបឃើញកូន ជិះម៉ូតូមកដល់ផ្ទះវិញ មានសភាពស្រវឹងស្រា ទ្រេតទ្រោតហើយកូនសុំលុយម្តាយដប់ម៉ឺនរៀលទៀតថា ទៅលេងប្រពន្ធនៅឯភ្នំពេញ តែម្តាយមិនឱ្យលុយទេ ដោយប្រាប់ថា កូនឯងកុំទាន់ទៅអី បើកូនឯងស្រវឹង ចាំព្រឹកទៅ ព្រោះកាលពីលើកមុន ចេះអញ្ចឹងឯងដួលម៉ូតូរបួសស្នាមមិនទាន់បាត់ផង ហើយកូន(សព)និយាយទៀតថា ឪឯងមិនយល់ពីអារម្មណ៍កូនសោះ និយាយរួចជនរងគ្រោះក៏ដើរចុះចេញពីផ្ទះបាត់តាំងពីម៉ោងប្រហែល១២ ជាងមិនដឹងជាទៅណាឡើយ ពេលនោះឪពុកម្តាយដេកលើផ្ទះរហូតដល់មាន់រងាវម្ដង ម៉ោងប្រហែល៣ជិតភ្លឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ទើបពួកគាត់ភ្ញាក់ ហើយមិនឃើញកូនឈ្មោះ អ៊ុន ទក មកផ្ទះក៏ដើររកកូនតាមផ្ទះបងប្អូន និងម៉ែធម៌ នៅក្នុងភូមិជាមួយគ្នា តែមិនមានអ្នកណាគេឃើញនោះទេ ។ ទើបឪពុកម្តាយត្រឡប់មកផ្ទះវិញ ម៉ោងប្រហែល៦ជាង ពេលមកដល់ផ្ទះបានដើរទៅ មើលខាងក្រោយផ្ទះបានឃើញជនរងគ្រោះឈ្មោះ អ៊ុន ទក ចងកនឹងខ្សែស្មាច់ទំហំ ១.៥០ហ៊ុន ជាប់នឹងគោយន្តកន្ត្រៃនៅម្នាក់ឯង នៅមាត់ឡដុតធ្យូង ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ភ្លាមនោះម្តាយបានហៅបងប្អូន និងកូនឱ្យវាជួយមើលហើយស្រាយខ្សែ និងលើកសពយកមកដាក់លើផ្ទះ និងបានដោះអាវពិនិត្យមើលពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺមានតែស្នាមជាំនៅលើ កតែប៉ុណ្ណោះ ទើបនាំគ្នាសន្និដ្ឋានថា កូនរបស់គាត់ស្លាប់ដោយសារចងកខ្លួនឯង ពេលនោះបានរាយការណ៍ ជូនសមត្ថកិច្ចតែម្ដងទៅ។

ក្រោយពីដឹងព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។

ការពិនិត្យនៅលើកមានស្នាមទ្រុឌទំហំ 0.៧ស.ម ព័ទ្ធកបញ្ឆិតទៅក្រោយក្រៅពីនេះនៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ។ ក្រោយពីពិនិត្យចប់ បានធ្វើកំណត់ហេតុ ប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ សនិដ្ឋាន ជនរងគ្រោះឈ្មោះ អ៊ុត ទក នេះស្លាប់ដោយសារធ្វើអត្តឃាត (ចងក)ខ្លួនឯង ។ មូលហេតុ៖ ខឹងនឹងម្ដាយ ឪពុកសុំលុយមិនបាន ៕

មតិយោបល់