ព័ត៌មានជាតិ

បុរសម្នាក់យកកាំបិតកាប់បងប្រុសបង្កើត និងបងថ្លៃស្រី រងរបួសធ្ងន់ធ្ងរ ព្រោះខឹងខ្ចីម៉ូតូជិះមិនបាន

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ប្តីប្រពន្ធ ២នាក់ កំពុងសម្រាកព្យាបាលរបួសនៅក្នុងមណ្ឌលសុខភាព ដោយប្អូនកាប់ និងកាំបិតហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចខ្ទមតាគី ស្ថិតនៅភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយសមត្ថកិច្ចទទួលបានព័ត៌មាន ពីក្រុមគ្រូពេទ្យតាមទូរស័ព្ទដៃស្តីពីករណីហឹង្សាកើតមានក្នុងមូលដ្ឋានភ្លាមៗ នោះសមត្ថកិច្ចបានចុះដល់ផ្ទះកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿម រ៉េន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោសែនជ័យ ដើម្បីសួរនាំ។

ក្រោយពីសមត្ថកិច្ចសួរនាំជនសង្ស័យបានសារភាពថា ខ្លួនបានកាប់ទៅលើបងថ្លៃស្រីឈ្មោះ​ ទ្រុង​ ឆន​ អាយុ ៣៩ឆ្នាំ ចំនួនមួយកាំបិតចំប្រអប់ដៃខាងឆ្វេង បណ្ដាលឲ្យរងរបួស។ ក្រោយមកគេឃើញឈ្មោះ សាយ ហ៊ីម ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាប្ដីជនរងគ្រោះ រត់ទៅជួយប្រពន្ធក៏ត្រូវជនសង្ស័យកាប់ ០២កាំបិតបន្ថែម បងប្រុសបង្កើតខ្លួនរងរបួស ២កន្លែង ចំកដៃខាងឆ្វេង ០១កាំបិត និង០១កាំបិតទៀត ចំក្បាលពោះខាងឆ្វេង ដោយជនរងគ្រោះមានរបួសធ្ងន់ធ្ងរ ក្រុមគ្រួសារក៏បញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពតែម្តង។

របាយការណ៍បានបន្ថែមថា ករណីហឹង្សានេះបណ្តាលមកពីទំនាស់គ្នារវាងប្អូនថ្លៃជាជនសង្ស័យ និងបងថ្លៃស្រី (ជនសង្ស័យខឹងខ្ចីម៉ូតូបងថ្លៃស្រីមិនឲ្យជិះ) ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំនិងចាត់ការបន្ត៕

មតិយោបល់