ភ្នំពេញៈ យុវជនម្នាក់ បន្ទាប់ពីដើរលេង និងញ៉ាំអីជុំគ្នាជាមួយសង្សារ និងមិត្តភ័ក្ដិ និងជាថ្ងៃរំលឹកខួបស្រលាញ់គ្នាជាមួយសង្សារ រយៈពេល២ឆ្នាំ២ខែផងនោះ ពេលត្រឡប់ទៅផ្ទះវិញ ជិះម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដែលរថយន្តផ្សេងបុកដួលកាត់ទទឹងផ្លូវ បណ្ដាលអោយយុវជននោះ ដួលម៉ូតូបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ ដែលបានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីជិត និងស្តុបក្តាន់ពីរ ទល់មុខអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ស្ថិតនៅខាងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពយុវជនខាងលើ ត្រូវសង្សារប្រាប់អោយដឹងថាឈ្មោះ ហង្ស មាសសុវណ្ណចេស្តា អាយុ២២ឆ្នាំ មុខរបរមើលហាងអ៊ីនធឺណិត នៅម្តុំផ្សារកណ្ដាល ស្នាក់នៅក្នុងបុរីពិភពថ្មីផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HS-6632 ។
ប្រភពពីនារីជាសង្សារសពរងគ្រោះ បានប្រាប់បន្តទៀតថា នៅយប់ថ្ងៃកើតហេតុ ពួកគាត់គាត់និងមិត្តភ័ក្ដិផ្សេងទៀត បាននាំគ្នាជិះដើរលេង និងញាំអីជុំគ្នា និងជាថ្ងៃរំលឹកខួបពួកគាត់ស្រាលាញ់គ្នា រយៈពេល២ឆ្នាំ២ខែហើយ មុនកើតហេតុពួកគាត់ទើប និងចេញពីញ៉ាំអីជុំគ្នា នៅម្តុំវិមានឯករាជ្យគោលបំណងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅសង្កាត់ក្រាំងធ្នង់ ហើយនារីជាសង្សារជិះម៉ូតូជាមួយមិត្តភ័ក្តិផ្សេង ទាំងអស់៤ម៉ូតូ ចំណែកសពយុវជនរងគ្រោះជិះតែម្នាក់ឯង ខណៈពេលធ្វើដំណើរតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច មកដល់កន្លែងកើតហេតុ សពយុវជនខាងលើក៏ជិះលឿនទៅបុក និងរបាំងថ្មដួលស្រាប់ ដែលរថយន្តមិនចាំម៉ាកបុកហើយគេចខ្លួនបាត់ បណ្តាលឲ្យយុវជននោះដួលម៉ូតូអូសជាច្រើនម៉ែត្រ បោកក្បាលស្លាប់ចោលសង្សារ និងគ្រួសារយ៉ាងអាណោចអាធ័ម នៅនិងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សពត្រូវបានសាច់ញាតិ ដឹកយកទៅតម្កល់ធ្វើបុណ្យនៅវត្តតាំងក្រសាំងតាមប្រពៃណី៕
មតិយោបល់