ឧត្តរមានជ័យ៖ ទឹកជំនន់ដោយទឹកភ្លៀង ហូរកាត់ផ្តាច់ផ្លូវគ្រួសក្រហមមួយខ្សែ ស្ថិតនៅខាងលិចវត្ត ភ្នំដី ស្ថិតនៅក្នុងភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ពិបាកក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ ព្រោះ ទឹកមានកម្ពស់ស្មើចង្កេះ ហើយក៏អាចបន្តឡើងទៀត ប្រសិនបើមេឃនៅតែមានភ្លៀងរហូតនោះ។
សមត្ថកិច្ច ក៏ដូចជា ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីឆ្នាំមុនៗ មិនដែលមានខូចផ្លូវ ដូចឆ្នាំនេះទេ ទើបតែឆ្នាំនេះ ពីព្រោះមូលហេតុមកពី ភ្លៀងជាប់ៗគ្នាជារៀងរាល់ថ្ងៃ មិនដែលខាន ទើបបណ្តាលឲ្យខូចផ្លូវ ជាច្រើនកន្លែងនោះ ហើយប្រជាពលរដ្ឋ បានបន្តទៀតថា មិនត្រឹមតែខូចខាតផ្លូវនោះទេ សូម្បីតែដំណាំជាច្រើនមុខ ក៏ត្រូវខូចខាតផងដែរ។
ជាមួយនឹងក្ដី កង្វល់របស់ប្រជាពលរដ្ឋ លោក ស ថាវី អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ និងលោក យឹម ធិន ប្រធាន ក្រុមប្រឹក្សាខេត្ត រួមដំណើរក្រុមការងារថ្នាក់ខេត្ត និងស្រុក បានអញ្ជើញ ចុះត្រួតពិនិត្យទឹកលិចផ្លូវខាងលើ និងសួរសុខទុកប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវលិចទឹក កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ ផងដែរ។
លោក ស ថាវី អភិបាលខេត្ត ក៏បានផ្តល់ថវិកា២០ដុល្លារ ដល់អ្នកបើក គោយន្តកន្ត្រៃចំលងអ្នកភូមិដែលធ្វើដំណើរឆ្លងផ្លូវលិចទឹកនេះ ។បន្ទាប់មកលោក ស ថាវី អភិបាលខេត្ត បានអញ្ជើញ សួរសុខទុកព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និងយាយជីតាជីនៅក្នុងវត្តភ្នំដី ដែលស្ថិតនៅភូមិ ឃុំ ខាងលើ ហើយក៏បានប្រគេន ទេយ្យទាន ដល់ព្រះសង្ឃ មានអង្ក១ការុង ទឹកដុះគោ ស្ករសរ ទឹកក្រូច និងថវិកា មួយចំនួន ហើយបានជូនថវិកាដល់ យាយជី និងតាជីក្នុងម្នាក់ៗ១០០០០ រៀលផងដែរ៕
មតិយោបល់