ព័ត៌មានជាតិ

ព្រលឹងចុងសក់! បុរសម្នាក់ បើករថយន្តស៊េរីទំនើប បុករបាំងថ្មក្រឡាប់អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តទំនើប១គ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់អូសជាច្រើនម៉ែត្រ ឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១និង២៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវR5 កែងនិងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាកសឺដេស១គ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរប្រុសស្រី៦នាក់ ធ្វើដំណើរពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នផ្លូវកោង បានជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់អូសជាច្រើនម៉ែត្រ ហើយឆាបឆេះភ្លាមៗតែម្ដង សំណាងល្អម្ចាស់រថយន្ត រួមនឹងអ្នកដំណើរ បាននាំគ្នាចេញពីរថយន្តទាន់ពេល មិនមានអ្នករងរបួសទ្បើយ។

ក្រោយហេតុ សមត្ថកិច្ច បានចុះមកដល់ ទាក់ទងរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់រលត់ទៅវិញ ដោយប្រើប្រាស់រថយន្តមួយគ្រឿង។ ដោយទ្បែករថយន្តខាងលើវិញ ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ៕

មតិយោបល់