បន្ទាយមានជ័យៈ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងនាំចូលរថយន្តខុសច្បាប់ ដើម្បីចាត់ការតាមច្បាប់។ ជាមួយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏រឹបអូសវត្ថុតាងយ៉ាងច្រើន រួមមានកាំភ្លើងខ្លី២ដើម រថយន្ត២គ្រឿង គ្រឿងញៀនជាង១ពាន់គ្រាប់ លុយមួយចំនួនធំ និងវត្ថុតាងមួយចំនួនទៀត។
បើតាមសមត្ថកិច្ចដែលធ្វើសន្នីសីទកាសែត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលស្រុកអូរជ្រៅ ចុះបង្ក្រាប និងធ្វើការឆែកឆេរលើជនសង្ស័យម្នាក់ ដែលបានលួចនាំរថយន្តចង្កូតស្តាំ និងលាក់អាវុធ ព្រមទាំងជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិទំណុបដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៣ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។ ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាង ដូចជា រថយន្ត២គ្រឿង ម៉ាក នីសាន់ណាវ៉ារ៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-8039 និងមួយគ្រឿងទៀតម៉ាក តូយូតាកូរ៉ូឡា ស៊េរីចាស់ ចង្កូតស្តាំ១គ្រឿង កាំភ្លើងខ្លី២ដើម លុយខ្មែរ៣០ម៉ឺនរៀល លុយដុល្លារ៧២០ដុល្លារ លុយថៃ ១៥.២៧០បាត ទូរស័ព្ទដៃ៤គ្រឿង ជញ្ជីងថ្លឹង១ ព្រមទាំងឧបករណ៍ជក់ និងថ្នាំញៀន ១១៨៥គ្រាប់។
ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ សូរ សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា កាលពីឆ្នាំ២០១៥ ខ្លួនបានចាប់ផ្តើមរកស៊ីជួញដូរគ្រឿញៀន ដោយទិញលើកដំបូងម្តង១០គ្រាប់ យកទៅលក់បន្ត លុះដល់ឆ្នាំ២០១៦នេះ ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ មុល ម្តង២៥០គ្រាប់ យកទៅលក់ឲ្យជនជាតិថៃ ឈ្មោះ ឆៃ ដែលធ្វើឲ្យខ្លួន(ជនសង្ស័យ)រឹតតែស្និទ្ធស្នាលជាមួយជនជាតិថៃទ្វេដង។
លោក សិទ្ធ ឡោះ បន្ថែមទៀតថា ជនសង្ស័យបានទិញរថយន្តពីជនជាតិថៃ ១គ្រឿង លុះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ជនជាតិថៃឈ្មោះ ទុយ បានបើករថយន្តម៉ាក នីសាន់ណាវ៉ារ៉ា យកមកឲ្យខ្លួនដល់ផ្ទះក្នុងតម្លៃ៣៣ម៉ឺនបាត ប៉ុន្តែរូបគេឲ្យតែ៣០ម៉ឺនបាតទេ ចំណែកលុយនៅសល់ប៉ុន្មានទៀត បង់រំលោះ។ ដោយឡែក អាវុធខ្លី២ដើម គឺរូបគេបានមកពីជនជាតិថៃ ឈ្មោះ ឆៃ ដែលគេយកមកដាក់បញ្ចាំ ហើយថ្នាំញៀនខ្លួនបានទិញពីជនជាតិថៃ ឈ្មោះ មុល ចំនួន១១៨៥គ្រាប់ ដើម្បីយកទៅលក់ឲ្យឈ្មោះ ឆៃ តែសំណាងអាក្រក់ក៏ត្រូវនគរបាលធ្វើការឆែកឆេរឃាត់ខ្លួនតែម្តង។
ដោយយោងតាមចម្លើយសារភាព សមត្ថកិច្ចបានសម្រេចបញ្ជូនសំណុំរឿងទាំងជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ នារសៀលថ្ងៃទី១២ ខែសីហានេះ៕
មតិយោបល់