ភ្នំពេញៈ ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ ពង្រឹងការយកចិត្តទុកដាក់ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម ។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងមានកិច្ចសហការល្អ ពីអាជ្ញាធរមូលដ្ឋាន ។
ជាក់ស្តែងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានករណីឃាតកម្ម (ប្លន់យកម៉ូតូ និងទូរស័ព្ទ) កើតឡើងក្នុងផ្ទះសំណាក់ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កដោយជនសង្ស័យចំនួន០២នាក់ ភេទប្រុស បានធ្វើសកម្មភាព សម្លាប់ជនរងគ្រោះម្នាក់ភេទប្រុស។
ក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានយកម៉ូតូ និងទូរស័ព្ទ របស់ជនរងគ្រោះគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ កំណត់មុខសញ្ញារបស់ជនសង្ស័យ និងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ រហូតកំណត់បានទីតាំង អត្តសញ្ញាណរបស់ជនសង្ស័យ។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក្រុងតាខ្មៅ និងស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ភេទប្រុស នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទ០១គ្រឿង (របស់ជនរងគ្រោះ) ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដដែលកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ វត្ថុតាងដកហូតបាន៖ ម៉ូតូកង់បី (ផាស់អាប់) ០១គ្រឿង (របស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់