កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ០៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣និង១០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារចំណុចភូមិ ម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ឈុន សុខលី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិ ម្កាក់ ឃុំ ដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មការិនីរោងចក្រ ។ ចំណែកជនសង្ស័យឈ្មោះ សួន វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ ម្កាក់ ឃុំ ដើមឫសស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ទាំងពីរនាក់ខាងលើនេះ ត្រូវជាប្តី-ប្រពន្ធនិងគ្នា ។
វត្ថុតាងចាប់យករួមមាន៖- ដបទឹកសុទ្ធមានសាំងពេញមួយដប ។ –សំបកដបទឹកសុទ្ធចំនួនមួយ
កន្លងមកជនសង្ស័យធ្លាប់តែងតែផឹកស្រាស្រវឹងជេរបញ្ចោរករឿង វាយមកលើជនរងគ្រោះជាច្រើនលើកច្រើនសារ ។
ដំណើររឿង៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ជនរងគ្រោះបានដេកក្នុងអង្រឹងក្រោមផ្ទះរបស់ម្ដាយ ដែលនៅក្បែរផ្ទះរបស់ខ្លួន ពេលនោះជនសង្ស័យបានដើរទៅទិសខាងកើតបាត់ មួយសន្ទុះក្រោយមក ជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញ ដោយនៅក្នុងដៃមានកាន់សាំងចំនួន០២ដប (មួយលីត្រ) ដើរសំដៅទៅក្នុងផ្ទះ រួចប្រមូលខោអាវរបស់ជនរងគ្រោះ ដែលហាលនៅក្រោយផ្ទះយកទៅដុត ឃើញដូចនោះជនរងគ្រោះបានរត់យកខោអាវពីជនសង្ស័យ និងបានប្រតាយប្រតប់គ្នា ភ្លាមនោះជនសង្ស័យបានចាក់សាំងលើក្បាលជនរងគ្រោះ និងលើខោអាវហើយបានយកដែកកេះ បម្រុងដុតមកលើជនរងគ្រោះ តែត្រូវបានអ្នកជិតខាង និង ប្រជាការពារចាប់ឃាត់ចេញ ភ្លាមនោះជនសង្ស័យបានដើរគេចបាត់ទៅ រួចជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ច ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឫស បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនីតិវិធី៕
មតិយោបល់