ភ្នំពេញៈ រថយន្ត TAKOMA មួយគ្រឿងបើកបរក្នុងល្បឿនលឿន ទាំងបំពានស្តុបទៅបុករថយន្តម៉ាកព្រូស របស់បុគ្គលិកទូរទស្សន៍ CNC ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យប៉ើងទៅប៉ះម៉ូតូ៣គ្រឿងទៀត របស់បុគ្គលិក KFC រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AX 2508 ចេញទៅហូបចំណីអាហារអីបន្តិចបន្តួចជួបជុំមិត្តភក្តិ រួចក៏បើករថយន្តចេញទៅវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ក្នុងទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់ឃើញរថយន្តម៉ាក TAKOMA ដែលមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន មកបុករថយន្តគាត់ចំពាក់កណ្តាលទ្វារពេញទំហឹង បណ្តាលឲ្យប៉ើងទៅបុក ម៉ូតូ៣គ្រឿងទៀត របស់បុគ្គលិក KFC នៅលើខឿនផ្លូវរងការខូចខាតទាំងម៉ូតូ៣គ្រឿង និងរថយន្តយ៉ាងដំណំ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងចរាចរណ៍ជំនាញ ចុះមកដល់ធ្វើការវាស់វែង រួចឱ្យជនរងគ្រោះទៅប៉ុស្តិ៍នគបាលរដ្ធបាលទឹកល្អក់ទី១ ដើម្បីដាក់ពាក្យបណ្ដឹង រួចសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តាមក្រោយ ដើម្បីឃាត់រថយន្ដបង្កខាងលើ មកដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់