ព័ត៌មានជាតិ

ក្រសួងអប់រំ និងក្រុមហ៊ុនសែលកាត លើកកម្ពស់ស្មារតីកីឡា ឆ្ពោះទៅធ្វើម្ចាស់ស៊ីហ្គេម លើកទី៣២

ភ្នំពេញៈ វិស័យកីឡាជាច្រើនវិញ្ញាសា ត្រូវទទួលបានការលើកទឹកចិត្តជាកីឡាជាតំណាងសន្តិភាពរបស់ប្រទេស ដែលរាជរដ្ឋាភិបាលកំពុងប្រឹងប្រែងបណ្តុះស្មារតីកីឡានៅក្របខ័ណ្ឌទូទាំងប្រទេស។

មន្រ្តីជាន់ខ្ពស់ក្រសួង អប់រំ យុវជននិងកីឡា និងក្រុមហ៊ុនសែលកាត ដែលឧបត្ថម្ភដល់សកម្មភាពកីឡា បានបំផុសស្មារតីកីឡាកម្ពុជា ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើការរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

ក្នុងកម្មវិធីបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ដែលទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេនៅកម្ពុជា ដោយមានកីឡាករចូលរួមប្រកួតប្រជែងជិត៤០០នាក់ ដោយក្នុងនោះ មានកីឡាការិនីចំនួន១៩៥នាក់។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំឆ្នាំនេះ បានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានវត្តមានកីឡាករ និងកីឡាការិនី មកពីសាកលវិទ្យាល័យចំនួន២៣ ដោយបែងចែកទៅជាវិញ្ញាសាប្រកួតចំនួន៥ មាន បាល់ទាត់ បាល់បោះ បាល់ទះ វាយកូនបាល់លើតុ និងអត្តពលកម្ម។

នៅក្នុងឱកាសនោះ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់កីឡាករ និងកីឡាការិនីទាំងអស់ ត្រូវខិតខំគោរពវិន័យប្រកួត ព្រមទាំងបំពេញករណីកិច្ចក្នុងនាមជាកីឡាករដែលមានសេចក្តីថ្លៃថ្នូរ ដើម្បីត្រៀមខ្លួនតំណាងប្រទេសជាតិ នៅលើឆាកអន្តរជាតិនាថ្ងៃអនាគត នៅពេលដែលសមត្ថភាពរបស់ខ្លួនកាន់តែអភិវឌ្ឍន៍ឈានឡើង។ លោកថា «ការប្រកួតកីឡា គឺជំរុញឲ្យប្រទេសនិមួយៗដាក់ចេញនូវការវិនិយោគសម្រាប់លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»

លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការបណ្តុះបណ្តាលកីឡាករ និងកីឡាការិនី ព្រមទាំងអភិវឌ្ឍពហុកីឡដ្ឋាន ដើម្បីធ្វើជាថ្នាលបណ្តុះបណ្តាលសមត្ថភាពកីឡាឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

ព្រឹត្តិការណ៍ប្រកួតនេះ មិនត្រឹមតែផ្តល់ឱកាសដល់អត្តពលិកទាំងអស់អាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងបង្ហាញពីកិត្តិយសរបស់សាលារបស់ខ្លួន មានមុខមាត់នៅលើផ្ទៃប្រទេសប៉ុណ្ណោះទេ តែថែមទាំងជាឱកាសនៃការស្វែងរកកីឡាដែលមានទេពកោសល្យដែលអាចទទួលការហ្វឹកហាត់បន្ថែមដើម្បីចូលរួមប្រកួតថ្នាក់ជាតិ និងកម្រិតអន្តរជាតិ តាមសមត្ថភាពរបស់កីឡាករ។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក អៀន វ៉ាត់សុន បានថ្លែងថា «ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ គឺជាវេទិកាល្អមួយសម្រាប់ដៃគូប្រកួតប្រជែង ដើម្បីបង្ហាញពីគុណភាពតម្លៃរបស់ខ្លួន និង ធ្វើឲ្យមានឥទ្ធិពលវិជ្ជមានលើវិស័យកីឡា របស់ប្រទេសកម្ពុជា»

លោកថា សែលកាត តែងតែគាំទ្រ ជានិច្ចដល់វិស័យកីឡានៅគ្រប់ទម្រង់ និងវិញ្ញាសាកីឡា ហើយបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈការឧបត្ថម្ភការប្រកួតនានាជាច្រើន ដើម្បីធានាថា កីឡាករ និងកីឡាការិនីវ័យក្មេងទាំងអស់ ត្រូវបានផ្តល់កម្លាំងចិត្ត និងយកចិត្តទុកដាក់ខ្ពស់៕

មតិយោបល់