ព័ត៌មានជាតិ

ស្រ្តីមានផ្ទៃពោះម្នាក់ លេងល្បែងចាញ់អស់ប្រាក់២ម៉ឺនដុល្លារ ឈ្លោះគ្នាជាមួយប្តីដេញចេញពីផ្ទះ មកលោតទឹកសម្លាប់ខ្លួន២ដង មិនបានសម្រេច

ភ្នំពេញ: នារីម្នាក់មានផ្ទៃពោះ៥សបា្តហ៍ លេងល្បែងចាញ់ប្រាក់អស់២ម៉ឺនដុល្លារ ឈ្លោះប្រកែកជាមួយប្តី ដេញចេញពីផ្ទះតូចចិត្តជិះម៉ូតូកង់បី មកលោតទឹកលើស្ពានជ្រោយចង្វា ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនមិនបានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងនាំទៅកាន់ប៉ុស្តិ៍នគរបាលអប់រំ និងលួងលោមឲ្យត្រឡប់ទៅផ្ទះវិញ មិនអស់ចិត្តនារីខាងលើដដែល បានសម្រេចចិត្តមកលោតទឹកម្តងទៀត នៅមុខព្រះបរមរាជវាំង ក៏ត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ ជួយសង្គ្រោះទាន់ពេលវេលាទៀត បង្កការភ្ញាក់ផ្អើលម្តងទៀត កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឆ្នាំដដែល ។

ប្រភពពីនារីគិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិតខ្លួន២ដង មិនបានសម្រេចនោះ បានប្រាប់ឲ្យដឹងថា នាងឈ្មោះ ចែត រិទ្ធី​អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងពពោះកូនក្នុងផ្ទៃ៥សបា្តហ៍ មានស្រុកកំណើតនៅស្រុកលើកដែក ខេត្តសៀមរាប ។

ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលនាងគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន គឺដោយសារនាងជ្រុលខ្លួន លេងល្បែងចាញ់ប្រាក់អស់២ម៉ឺនដុល្លារ ក៏សារភាពប្រាប់ប្តីក៏បង្កជាជម្លោះគ្រួសារ ឈ្លោះប្រកែកគ្នាពេញផ្ទះ ហើយប្តីរបស់នាងក៏បោះបង់នាង និងមិនទទួលស្គាល់កូនក្នុងផ្ទៃនាងទៀត ហើយគ្រួសារខាងប្តី ក៏មិនទទួលស្គាល់នាង ហើយរូបនាងផ្ទាល់ក៏មិនហ៊ានត្រឡប់ទៅរកសាច់ខ្លួនទៀត ដោយគ្មានទីពឹងគិតអ្វីមិនចេញ ព្រោះតែកំហុសខ្លួន ប្រព្រឹត្តខុសទើបនាងគិតខ្លី ចង់គេចពីបញ្ហាស្មុគស្មាញទាំងនោះ ក៏សម្រេចចិត្តចង់បញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្ដង ។

ក្រោយប៉ុនប៉ងសម្លាប់ខ្លួន២ដងមិនបានសម្រេច នារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលជ័យជម្នះ និងទាក់ទងហៅក្រុមគ្រួសារ ឲ្យមកទទួលនាងត្រឡប់ទៅវិញ៕

មតិយោបល់