ព័ត៌មានជាតិ

បុរសស្ត្រី ២នាក់ ជិះម៉ូតូវ៉ាក់អឺនិងរថយន្ត ១គ្រឿង រេចង្កូតទៅបុកបង្គោលសុវត្ថិភាពចិញ្ចើមផ្លូវស្លាប់ម្នាក់

ពោធិ៍សាត់ៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីស្ត្រីម្នាក់ជិះម៉ូតូគេចរថយន្ត រេចង្កូតទៅបុកបង្គោលសុវត្ថិភាពផ្លូវ បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះ លើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះ៖
១/ឈ្មោះ សុខ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់។
២/ឈ្មោះ សួស សុផារី អាយុ ៥៣ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មុខរបរ ធ្វើចុងភៅនៅកាស៊ីណូ។
អ្នកទាំង ២នាក់ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K-2524។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ វ៉ាក់អឺនិងរថយន្ត ១គ្រឿង រេចង្កូតទៅបុកបង្គោលសុវត្ថិភាពចិញ្ចើមផ្លូវ បណ្ដាលឲ្យជនរងគ្រោះជាស្រ្តីរងរបួសធ្ងន់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំណែកជនរងគ្រោះម្នាក់ទៀត សម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់