ភ្នំពេញៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តបង្កស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ស បើកបរល្បឿនលឿនដូចហោះ ខណៈពេលមិនបានប្រុងប្រយ័ត្ននោះ ងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកបង្គោលរបងស្ថានទូតបារាំង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ អ្នកបើករងរបួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលយាមនៅគោលដៅខាងលើនេះ បានអោយដឹងថា មុនពេលកើតហេតុ គឺរថយន្តបង្កមួយគ្រឿងម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខនគរបាល 2-2764 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបង្កបើកក្នុងស្ថានភាពលឿនដូចហោះ មិនបានប្រយ័ត្ន ហើយសង្ស័យម្ចាស់ងោកមួយភាំង ទើបរេចង្កូតមកឆ្វេងដៃ មកបុករះបង្គោលរបងស្ថានទូតបារាំង បណ្តាលអោយបាក់រាយប៉ាយពេញផ្លូវ ហើយរថយន្តបង្កខ្ទាតជាង២០០ម៉ែត្រ រងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ ចំហៀងខាងឆ្វេងថែមទាំងដាច់ក្រឡេកង់ នឹងដាច់បូមខ្ទាតពេញផ្លូវហើយផ្ទុះពោងទាំងសងខាង សំណាងល្អហើយអ្នកបើកបររងរបួសស្រាលភ្លាមៗនោះ ម្ចាស់អ្នកបើកបរគឺចេញមកដោះស្លាកលេខចេញ ដើម្បីយកទៅទុករួចគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកនៅតែរថយន្តបង្ក អោយតំណាងមកជួយដោះស្រាយ ហើយគ្រោះថ្នាក់ខាងលើនេះ គឺខូចខាតបង្គោលរបងអស់ចំនួន១៤បង្គោល មានបាក់ខ្លះនឹងខូចខាតតិចតួចខ្លះ ។
ក្រោយពេលកើតហេតុខាងលើនេះ រថយន្តបង្កត្រូវបាន សមត្ថកិច្ចធ្វើការវាសវែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយ នឹងផាក់ពិន័យទៅតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់