ភ្នំពេញៈ ក្នុងបទសម្ភាសន៍ជាមួយលោកស្វាយ ស៊ីសុថា ហៅខ្យាង ស្វាមីរបស់អ្នកនាងសំ ប៉ូលីដា កាលពីថ្ងៃទី១២ ខែសីហា លោកបានបញ្ជាក់ថា អ្នកនាងសំ ប៉ូលីដា ត្រូវបានគេលួចឈ្មោះរបស់អ្នកនាងនៅក្នុងកងអង្គរក្ស ក-៥ យ៉ាងអយុត្តិធម៌។ លោកថាភរិយារបស់ខ្លួនបានតស៊ូច្រៀងរាំក្នុងកងអង្គរក្សរបស់សម្ដេចនាយករដ្ឋមន្ត្រីអស់ជាច្រើនឆ្នាំមក ប៉ុន្តែក្រោយពេលអ្នកនាងធ្លាក់កូដក៏មិនសូវត្រូវបានថ្នាក់លើហៅច្រៀង និងមានដំណឹងថាឈ្មោះនោះត្រូវគេលុបចោលដាក់ជំនួសអ្នកថ្មីហើយ ទើបលោកមិនអស់ចិត្ត។
លោកបានរៀបរាប់ទាំងទឹកភ្នែកថា ការផ្ដល់ជំនួយ និងការផ្ដល់ទឹកចិត្តអាណិតអាសូររបស់មហាជនចំពោះភររិយាលោកគឺលោកសប្បាយចិត្ត។ ប៉ុន្តែអ្វីដែលលោកចង់បានគឺ មិនមែនត្អូញត្អែរដើម្បីចង់បានជំនួយនោះទេ គឺលោកគ្រាន់តែចង់ស្នើឲ្យថ្នាក់លើដែលធ្លាប់សណ្ដោសអាណិតចំពោះលោក និងភរិយានៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចនាយករដ្ឋមន្ត្រីប្រគល់ឈ្មោះឲ្យអ្នកនាងសំ ប៉ូលីដា វិញប៉ុណ្ណោះ ដើម្បីឲ្យអ្នកនាងគ្រាន់បានលុយចិញ្ចឹមកូន។
លោកនិយាយថា«ដ្បិតថាខ្ញុំ និងប្រពន្ធធ្លាក់ខ្លួនប៉ុណ្ណឹង ប៉ុន្តែខ្ញុំអត់ឲ្យបងប្អូនណាលំបាកដោយសារខ្ញុំទេ ឲ្យតែខាងអង្គរក្សដែលយកឈ្មោះប្រពន្ធខ្ញុំទៅលក់ហើយដាក់ឈ្មោះឲ្យគាត់បានច្រៀង និងបានស៊ីប្រាក់ខែវិញខ្ញុំអស់ចិត្តហើយ!»។ លោកថាអ្នកនាងសំ ប៉ូលីដា បើនៅមានឈ្មោះក្នុងបញ្ជីកងអង្គរក្សដល់បច្ចុប្បន្នគឺអ្នកនាងនឹងមានឋានៈមិនក្រោមស័ក្ដ៣នោះទេ ហើយលោកពោលថាការលុបឈ្មោះនោះគឺថ្នាក់លើដែលធ្លាប់ផ្ដល់ឲ្យអ្នកនាងស្ថិតក្នុងបញ្ជីមិនបានដឹងនោះទេ។ លោកនិយាយថា«ក្នុងកងអង្គរក្ស ក-៥ហ្នឹង ខ្ញុំថាថ្នាក់លើអត់ដឹងទេ ព្រោះគាត់ធ្លាប់សួរថាហេតុអ្វីបាត់អាដា(ប្រពន្ធ)អត់សូវឃើញ ហើយឲ្យគ្នាទៅម៉េច បើគេអត់ដែលប្រាប់ និងលក់ឈ្មោះគ្នាបាត់ហើយនឹង ចឹងបានថាសូមឲ្យអាដាមានឈ្មោះឡើងវិញ ដើម្បីគ្នាបានប្រាក់ខែចិញ្ចឹមកូនផង កុំធ្វើបាបគ្នាចឹង!»។
លោកស្វាយ ស៊ីសុថា បានរៀបរាប់ទាំងទឹកភ្នែកថាលោកចង់ធ្លាក់ថ្លើមពេលដឹក សំ ប៉ូលីដា យកទៅពេទ្យទាហានក្នុងបន្ទាយកងអង្គរក្ស ស្រាប់តែត្រូវបានពេទ្យនៅទីនោះថាអត់មានឈ្មោះដូចមុនទេ ចឹងគឹការព្យាបាលមិនអាចអត់យកលុយបានទេ។ លោកបានបង្ហាញការដឹងគុណចំពោះគ្រូពេទ្យដែលបានធ្វើលិខិតធានា បើកុំតែដូច្នោះប្រហែលជាអ្នកនាងនឹងត្រូវអស់លុយរាប់រយដុល្លារក្នុងពេលព្យាបាលនោះជាមិនខានដោយសារតែសភាពបោកមុខនឹងតុ ព្រមជាមួយសភាពបាក់ជើងព្រោះតែរអិលជើងធ្លាក់ពីលើគ្រែនោះមានសភាពធ្ងន់ធ្ងរ។
អ្នកនាងសំ ប៉ូលីដា ក៏បានបង្ហាញអារម្មណ៍តូចចិត្តដូចគ្នា ពាក់ព័ន្ធនឹងរឿងគេយកឈ្មោះរបស់ខ្លួនទៅលក់ឲ្យអ្នកផ្សេងបន្ទាប់ពីអ្នកនាងប្រឡូកការងារក្នុងកងអង្គរក្សអស់រយៈពេលច្រើនឆ្នាំកន្លងមកនោះ។ អ្នកនាងនិយាយថា សុំឲ្យមានការដាក់បញ្ចូលឈ្មោះឲ្យអ្នកនាងឡើងវិញ ដើម្បីឲ្យនាងទទួលបានប្រាក់ខែចិញ្ចឹមខ្លួន ក្នុងពេលស្ថានភាពកំពុងស្ថិតក្នុងសភាពក្រលំបាកនាពេលនេះ។
យ៉ាងណាពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកនាង សំ ប៉ូលីដា និងស្វាមី Post News មិនទាន់សុំប្រតិកម្មពីមន្ត្រីក្នុងកងអង្គរក្សក-៥នៅឡើយទេ៕
មតិយោបល់