ព័ត៌មានជាតិ

កំពុងអង្គុយហូបបាយមួយភ្លែតសោះ ក្រឡេកមើលម៉ូតូបាត់ស្រមោល!

ភ្នំពេញ: បុរសម្នាក់កំពុងតែអង្គុយហូបបាយថ្ងៃត្រង់ ដោយបែរខ្នងដាក់ម៉ូតូពេលហូបបាយរួចក្រឡេកមើលម៉ូតូ ស្រាប់តែមិនឃើញបង្កការភ្ញាក់ផ្អើល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលបាត់ម៉ូតូនោះមានឈ្មោះ មាន វណ្ណាប អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រផលិតស៊ីទែនទឹក មានទីតាំងនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅភូមិស្រែជ័យ ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ចំណែកម៉ូតូដែលត្រូវចោរយកទៅបាត់នោះម៉ាហុនដាឌ្រីមស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CH-3364 ជាកម្មសិទ្ធរបស់ឈ្មោះម៉ម ប៊ុនធាង ត្រូវជាឪពុករបស់ជនរងគ្រោះខាងលើ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានទុកម៉ូតូចម្ងាយប្រហែល១៥ម៉ែត្រពីខ្លួន ហើយចូលហូបបាយថ្ងៃត្រង់ដោយមិនបានចាក់សោ កទេ ព្រោះសោនោះចាក់មិនជាប់ហើយរូបគេក៏ចូលហូបបាយដោយបែខ្នងដាក់ម៉ូតូលុះហូបបាយរួចក្រឡេកមើលម៉ូតូក៏ស្រាប់បាត់ម៉ូតូតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅឱ្យជួយអន្តរាគមន៍ទាំងអារម្មណ៍សោកស្តាយ៕

មតិយោបល់