ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! យុវជនម្នាក់ជិះម៉ូតូ១គ្រឿង ត្រូវរថយន្តស្ទួចបុកនិងកិន បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់

ភ្នំពេញ: យុវជនម្នាក់ត្រូវបានរថយន្តស្ទួចដឹកសសរគ្រឹះ មួយគ្រឿង បើកបុកហើយកិនបែកក្បាលទាំងមួកធ្លាយលាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណ:ពេលដែលជិះម៉ូតូម៉ាក MSX ពណ៌ស លាយខ្មៅ មួយគ្រឿង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃ ត្រង់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ចំណុចមុខវត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ឈាន ឈឺនហឺ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាក MSX ពណ៌ស លាយខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ ១GA.៣១៤៤ ។ ចំណែករថយន្តបង្ក ជារថយន្តស្ទួច ដឹកសសរគ្រឹះ ម៉ាកនីស្សាន់ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ៣ A.២៨៨៨ អ្នកបើកបរ បានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលពីកន្លែងកើតហេតុ ប្រមាណជាង២០០ម៉ែត្រ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តស្ទួចបានបើកឡើងចេញពីផ្លូវបេតុង មកពីទិសខាងត្បូង មកបុកនិងកិនអ្នកបើកបរ បណ្តាលឲ្យបែកក្បាល ស្លាប់នៅកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តបានបើកគេច ទៅទិសខាងលិច រួចក៏បានបត់ចូលតាមផ្លូវលំបានប្រមាណជាង២០០ម៉ែត្រ ក្នុងភូមិកប់ស្រូវធំ មានរោងការមួយកណ្តាលផ្លូវ ក៏បានឈប់រថយន្តរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅដល់ចំណុចខាងលើ សម្រួលចរាចរណ៍និងបានទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែង រួចនាំយករថយន្ត និងម៉ូតូបញ្ជូនទៅកាន់ការិយាល័យ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់។ រីឯសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់