ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរម៉ាទឹកកក

កណ្ដាលៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ចំណុចផ្ទះសំណាក់វិបុលសុខ(បន្ទប់លេខ១០៦) ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិចុងកោះ ឃុំកោះឧញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០៣កញ្ចប់តូច០២ មធ្យម០១កញ្ចប់។
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃ ០២គ្រឿងម៉ាក អ៊ិនចុចពិល០១គ្រឿង(ខូចគុណភាព) និង០១គ្រឿងទៀតម៉ាក iPhone6។
-ថង់ពណ៌ក្រហមចំនួន១សំរាប់ដាក់ថ្នាំញៀន
-ស្លាកលេខម៉ូតូចំនួនពីរបន្ទះ៖
១/ ភ្នំពេញ 1BL 4117
២/ ខេមរភូមិន្ទ 1 7333(ឈួសលេខ)
-លុយខ្មែរក្រដាស់ ៥,០០០រៀល ចំនួន០១សន្លឹកសំរាប់ខ្ចប់ថ្នាំញៀន
-ឩបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

សភាពនៃរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ម្ចាស់ផ្ទះសំណាក់យីហោវិបុលសុខ បានរាយការណ៍មកកម្លាំងប៉ុស្ថិ៍រដ្ឋបាល បែកចានថា មានមុខសញ្ញាម្នាក់មានការសង្ស័យមកស្នាក់នៅក្នុងបន្ទប់លេខ១០៦ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានសហការជាមួយ និងកម្លាំងជំនាញគ្រឿងញៀនស្រុក ចុះទៅដល់បន្ទប់ផ្ទះសំណាក់សុំធ្វើការត្រួតពិនិត្យបន្ទប់ ឃើញមានថ្នាំញៀនចំនួន ០២កញ្ចប់តូចទុកនៅលើតុឈើ។

ដោយមានបទបញ្ជា ពីលោក ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាពពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោកនាយប៉ុសិ៍រដ្ឋបាល លោកមេឃុំម្ចាស់ផ្ទះ និងនៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញ និងប៉ុស្តិ៍បានធ្វើការឆែកឆេរទូរដាក់ខោអាវរបស់ជនសង្ស័យ រកឃើញថ្នាំញៀនចំនួន ០១កញ្ចប់ទៀតនិងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង ដែលជនសង្យ័យលាក់ទុកនៅក្នុងថងពណ៌ក្រហមទុកក្រោមខោអាវ និង ឩបករណ៍ប្រើប្រាស់ថ្នាំញៀន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា ធារ៉ា បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះនៅម្តុំកំបូលរាជធានីភ្នំពេញ ក្នុងតម្លៃ ១៥០,០០០រៀល(ដប់ប្រាំម៉ឺនរៀល)ដើម្បីយកលក់បន្ត។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់